សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកស្រី គាត កុលណី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោក ឆាន់ សាផាន ទីប្រឹក្សារាជរដ្ឋាភិបាល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៨៖៣៦នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖
ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ជនរួមជាតិកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយក្រៃលែង នៅពេលដែលបានទទួលដំណឹងថា ឯកឧត្តម ឆាន់ សាផាន ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពនៅថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣៦នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្តម ឆាន់ សាផាន គឺជាការបាត់បង់នូវស្វាមី លោកឪពុក ឪពុកក្មេក ជីតា ជាទី គោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ប្រពៃថ្លៃថ្លា ហើយក៏ជាការបាត់បង់នូវឥស្សរជន ឆ្នើមមួយរូប ដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់វិស័យរៀបចំដែនដី រដ្ឋបាលដីធ្លី នគរូបនីយកម្ម និង កសិកម្មរបស់កម្ពុជា។
ឯកឧត្តម បានចូលរួមយ៉ាងសកម្មរហូតដល់ថ្ងៃអវសាននៃជីវិត ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយវិវាទដីធ្លី កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយ នឹងការងារគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មនសិការវិជ្ជាជីវៈ ក្នុងស្មារតីស្នេហាជាតិមាតុភូមិ និងឆន្ទៈដ៏មោះមុត ព្រមទាំង លះបង់កម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការចូលរួមបំពេញករណីយកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា និង ចូលរួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុភមង្គល និងវិបុលភាព។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ និង ក្រុម គ្រួសារ ចំពោះការបាត់បង់សមាជិកគ្រួសារជាទីគោរពស្រឡាញ់។ ខ្ញុំសូមឧទ្ទិសកុសល និងបួងសួងដល់ដួង វិញ្ញាណក្ខន្ធ ឯកឧត្តម ឆាន់ សាផាន ទទួលបានភាពត្រជាក់ត្រជំនៃតេជះបារមី ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឆាប់ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕