លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភ ដល់នាយទាហ៊ាន និងពលទាហ៊ាន នៃកងរាជអាវុធហត្ថ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ហើយបើទោះបីជាសម្តេច មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៍សម្តេចតែងតែនឹករលឹកដល់កងកម្លាំងរបស់យើងជានិច្ច។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្ននេះសភាពការណ៍ កម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំង នៅតាមបន្ទាត់ព្រំដែនដូច្នេះកងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់ ត្រូវរងចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ព្រមទាំងប្តេជ្ញាតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា បើមានករណីឈ្លានពានណាមួយ លើបូរណៈភាពទឹកដីប្រទេសកម្ពុជាយើង។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូនកូនក្មួយជំនាន់ក្រោយ៕