សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ចេញញ្ញត្តិថ្កោលទោស និងប្រឆាំងនឹងសម្ដី សម រង្សី ដែលប្រកាសឲ្យកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់


(ប៉េកាំង)៖ ក្រោយបែកធ្លាយវីដេអូមួយរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជារួចមក សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចេញញ្ញត្តិថ្កោលទោស និងប្រឆាំងទៅនឹងសម្ដីរបស់ទណ្ឌិត សម រង្សី ដែលប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

តាមខ្លឹមសារនៃញ្ញត្តិថ្កោលទោសរបស់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់ ជាយុវជន និងនិស្សិតកម្ពុជាកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន បានតាមដានយ៉ាងយកចិត្តទុកដាក់នូវឃ្លីបវីដេអូ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក របស់បុគ្គល សម រង្សី ដែលបានអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ដោយឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរកាណុងផ្ដួលរំលំរាជរដ្ឋាភិបាល ដែលនេះជាអំពើញុះញង់ក្បត់ជាតិ មិនអាចទទួលយកបានដាច់ខាត»។

ញ្ញត្តិថ្កោលទោសខាងលើបានបន្តថា សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះទង្វើក្បត់ជាតិរបស់បុគ្គល សម រង្សី និងប្ដេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង់ និងរួបរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើន៕