ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន ដឹកនាំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ


នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ដឹកនាំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ របស់អង្គការមជ្ឈមណ្ឌលសំលេង នៃក្តីសង្ឃឹម ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ពិធីនេះ មានការអញ្ជើញចួលរួមពីសំណាក់ លោក លោកស្រីថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន និងលោក គីម ប៊ីយ៉ុងគីក្យូ (Kim Byung Kyu) ប្រធានអង្គការមជ្ឈមណ្ឌលសំលេង នៃក្តីសង្ឃឹម ព្រមទាំងក្រុមគ្រូពេទ្រស្មគ្រ័ចិត្តជនជាតិកូរ៉េប្រមាណ៤៩នាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យជំងឺ និងសិស្សានុសិស្សប្រមាណ ១០០០នាក់ ជានិច្ចជាកាលសម្តេច ព្រមទាំងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការមជ្ឈមណ្ឌលសម្លេង នៃក្តីសង្ឃឹម ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសាធារណរដ្ឋកូរ៉េ និងក្រុមការងារ មានទាំងថ្នាំសម្រាប់ព្យាបាល រៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំនេះ។

ការពិនិត្យ និងព្យាបាលជំងឺនេះ មិនមែនជាលើកទី១ទេ អង្គការមជ្ឈមណ្ឌលសម្លេង នៃក្តីសង្ឃឹម ធ្លាប់បានចុះទៅធ្វើសកម្មភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន មានដូចជា ខេត្តស្វាយរៀងចំនួនពីរ(២)លើក ខេត្តតាកែវចំនួនពីរ(២)លើក និងខេត្តត្បូងឃ្មុំចំនួនបី(៣)លើក រួមទាំងលើកនេះ។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងនោះការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពដ៏សំខាន់ ដោយផ្ដោតលើអាទិភាពចំនួន៥៖ ១.ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ៣.ការលើកកម្ពស់សុខភាព សុខមាលភាពប្រជាជន ៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរបស់ អង្គការមជ្ឈមណ្ឌលសំលេងនៃក្តីសង្ឃឹមនាពេលនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស។

នាឱកាសនេះប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលជំងឺដល់ពួកគាត់ ដោយមិនមានការបង់ថ្លៃអ្វីទាំងអស់៕