ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា»


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា» “Digital Social Protection Platform”។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួង ស្ថាប័នមួយចំនួន អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ស្តេហ្វេន មេសសេរឺ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, ឯកឧត្តមណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្ដកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ការមានការចូលរួមដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អភិបាលរាជធានី-ខេត្ត, ឯកអគ្គរដ្ឋទូត, តំណាងដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល និងស្ថាប័នសិក្សាស្រាវជ្រាវ ចំនួនប្រមាណ ៣៥០នាក់ ព្រមទាំងមានការចូលរួមតាមរយៈប្រព័ន្ធវីដេអូប្រជុំពីចម្ងាយ ដោយអភិបាលក្រុង/ស្រុក/ខណ្ឌ និងមេឃុំ/ចៅសង្កាត់ និងមន្ត្រីអនុវត្តកម្មវិធីទូទាំងប្រទេសប្រមាណ ៥,០០០នាក់។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានថ្លែងថា ជាមួយនឹងគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចង្អុលបង្ហាញឱ្យគិតគូរ និងរៀបចំប្រព័ន្ធចុះបញ្ជី និងការគ្រប់គ្រងទិន្នន័យគាំពារសង្គមសំដៅធានាប្រសិទ្ធភាព ទាំងក្នុងក្របខណ្ឌនៃការអនុវត្តបែបប្រទាក់ក្រឡាផង និងផ្ដល់ភាពងាយស្រួលសម្រាប់មន្ត្រីអនុវត្តកម្មវិធី និងអ្នកទទួលផលផង ដោយចាប់យកអភិក្រម «ធ្វើសុខដុមនីយកម្ម» ជាជាងយកអភិក្រម «ធ្វើសមាហរ័ណកម្ម» ដោយកិច្ចការនេះត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ រហូតសម្រេចបាននូវ «ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា» ដែលជាកម្មវត្ថុនៃការប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃនេះ។

ការដាក់ឱ្យដំណើរការ «ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា» ឬ “Digital Social Protection Platform” មានគោលដៅបង្ហាញពីសមិទ្ធផល និងការបោះជំហាននៃកិច្ចការបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ដោយសង្កត់ធ្ងន់លើការគិតគូរផ្នែកគោលនយោបាយ រហូតដល់ការរៀបចំ និងដាក់ឱ្យដំណើរការនូវថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដែលជាការរៀបចំយ៉ាងល្អិតល្អន់ សម្រាប់រយៈពេលវែង លើផ្នែកប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ជាពិសេសការរៀបចំពង្រីកវិសាលភាពនៃការអនុវត្តថ្នាលឌីជីថលរួមនេះ ជាជំហានៗនៅទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, គណនេយ្យភាព និងតម្លាភាពបន្ថែមទៀត សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម។

ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាថ្នាលឌីជីថលរួមរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសមាហរណ (Integrated Digital Platform) និងត្រូវបានអភិវឌ្ឍឡើង សម្រាប់ធ្វើអន្តរប្រតិបត្តិការក្នុងការចុះបញ្ជី និងផ្ទៀងផ្ទាត់អត្តសញ្ញាណពលរដ្ឋគោលដៅ និងអ្នកទទួលផលក្នុងប្រព័ន្ធគាំពារសង្គម និងត្រូវបានដាក់ឱ្យដំណើរការតាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្នាលឌីជីថលរួមនេះ បានដាក់ឱ្យដំណើរការដោយធ្វើសុខដុមនីយកម្មកម្មវិធីគាំពារសង្គមសំខាន់ៗ រួមមាន៖ ការចុះបញ្ជីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, កម្មវិធីអាហារូបករណ៍តាមសាលារៀន, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានផ្ទុកមេរោគអេដស៍, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយ, កម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងមុខងារបោះពុម្ពបណ្ណសមធម៌ភ្លាមៗ, កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព និងមុខងារបោះពុម្ព QR Code នៃកាតសម្គាល់ជនមានពិការភាព, កម្មវិធីជាតិជំនួយសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ, និងកម្មវិធីបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូន អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក។

ជាមួយគ្នានេះថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានបំពាក់បន្ថែមនូវមុខងារ «ស្វែងរករហ័ស ឬ Fast Search» ដែលជាមុខងារធ្វើអន្តរប្រតិបត្តិការជាមួយមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងមូលដ្ឋានទិន្នន័យរបស់ប្រតិបត្តិករគាំពារសង្គម តាមរយៈលេខ «សម្គាល់គាំពារសង្គម ឬ SPID» អាចផ្តល់នូវសមត្ថភាព និងសុក្រឹត្យភាពខ្ពស់ ក្នុងការស្វែងរកអត្តសញ្ញាណចុះបញ្ជីរបស់អ្នកទទួលផល និងពលរដ្ឋគោលដៅភ្លាមៗ ដោយអាចប្រើប្រាស់បណ្ណសម្គាល់ខ្លួន មួយណាក៏បាន រួមមានលេខអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, បណ្ណសមធម៌, កាតសម្គាល់ជនមានពិការភាព, ឬកាត ប.ស.ស. ឬអាចប្រើប្រាស់ការស្កែនផ្ទៃមុខ ឬស្កែនខ្ចៅដៃ។ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ក៏បានបំពាក់ផងដែរ នូវមុខងារចាប់យកតួអក្សរ ពីរូបភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយស្វ័យប្រវត្តិ (OCR on National Khmer ID Card) ដែលបង្កើនភាពងាយស្រួល និងឆាប់រហ័សដល់រំហូរនៃការចុះបញ្ជីក្នុងប្រព័ន្ធគាំពារសង្គម ភ្ជាប់ជាមួយនឹងការផ្តល់នូវដំណឹងក្នុងកាលិកពិត (Real-time Notification) ទៅទូរសព្ទដៃរបស់មេឃុំ/ចៅសង្កាត់ បង្កើនលទ្ធភាពក្នុងការត្រួតពិនិត្យ និងអនុម័តការស្នើសុំចុះបញ្ជីគាំពារសង្គមភ្លាមៗ ផងដែរ។

នៅក្នុងឱកាសនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឬ DSPP ជាសមិទ្ធផលរួមដែលបានកសាងមូលដ្ឋានគ្រឹះដ៏មានសំខាន់មួយក្នុងការអភិវឌ្ឍ និងអនុវត្តគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលនេះមិនត្រឹមតែជាការបំពាក់បន្ថែមនូវថ្នាលឌីជីថលដ៏ទំនើប សម្រាប់មន្ត្រីអនុវត្តកម្មវិធី នៅរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ។ ប៉ុន្តែ ថែមទាំងបំពាក់ឧបករណ៍ចុះបញ្ជីឌីជីថល ដែលរួមមានកុំព្យូទ័រយួរដៃ, កាមេរ៉ាថតផ្ទៃមុខ និងឯកសារ ម៉ាស៊ីនស្កែនខ្ចៅដៃ និងម៉ាស៊ីនបោះពុម្ពខ្នាតតូច ជូនដល់ឃុំ សង្កាត់ទូទាំងប្រទេស ជាដំណាក់កាលៗ បន្ថែមលើថេប្លែតដែលត្រូវបានផ្តល់ជូននាពេលកន្លងទៅ។ នេះជាការធ្វើទំនើបកម្ម និងឌីជីថលូបនីយកម្ម ដល់កម្រិតអ្នកអនុវត្តផ្ទាល់នៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា សមិទ្ធផលទាំងនេះនឹងរួមចំណែកដល់ការសម្រេចបាននូវរដ្ឋាភិបាលឌីជីថលក្នុងពេលខាងមុខ, ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម សំដៅកាត់បន្ថយជាអតិបរមានូវប្រតិបត្តិការចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍ស្ទួន ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលច្រើនកន្លែង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានមុខងារស្រដៀងគ្នា។ និយាយជារួម និងនិយាយដោយឡែកសំដៅ «កាត់បន្ថយជាអតិបរមានូវការបែកខ្ញែកនៃការគ្រប់គ្រងទិន្នន័យគាំពារសង្គម បែបវិមជ្ឈការ ត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះអាសន្ន និងលើកកម្ពស់អភិបាលកិច្ចឌីជីថល» ក្នុងទិសដៅប្រែក្លាយប្រព័ន្ធគាំពារសង្គមកម្ពុជាទាំងមូលឱ្យក្លាយជាប្រព័ន្ធមួយ ដែលមានភាពប្រទាក់ក្រឡាល្អ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការអនុវត្តរយៈពេលវែង។

ជាមួយសមិទ្ធផលដែលសម្រេចបាននេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួង-ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធ ដែលទទួលបន្ទុកអនុវត្តគោលនយោបាយជាតិគាំពារសង្គម រួមទាំងលេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្ដកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម នែអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមឱ្យបន្តការគាំទ្រ និងចូលរួមអនុវត្តឱ្យបានពេញលេញ និងស្រុះគ្នាប្រកបដោយស្មារតីបុរេសកម្ម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណក្រសួង- ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរដ្ឋបាលឃុំ សង្កាត់, ដៃគូអភិវឌ្ឍន៍នានាចំពោះការចូលរួមចំណែកគាំទ្រ និងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ជាពិសេសថ្នាលគាំពារសង្គមឌីជីថលកម្ពុជា សំដៅជំរុញ និងធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការអនុវត្តគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល៕