ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាសម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។
ក្នុងពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ច្រឹង គឹមស្រ៊ាន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោកជំទាវ កុល ធារិន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោកអភិបាលរងខេត្តកំពង់ចាម លោកប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍ លោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងឃុំទាំង១២ និង លោក លោកស្រី លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សសរុបចំនួន ៥៥៧នាក់ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា ការជោគជ័យរបស់ប្អូនៗទាំងអស់នាពេលនេះ គឺមួយផ្នែកកើតចេញពីសមត្ថភាពរបស់ប្អូនៗផ្ទាល់ (អ្នកចេះ, ទើបជាប់), មួយផ្នែក គឺការបង្ហាត់បង្រៀន និងណែនាំពីលោកគ្រូ អ្នកគ្រូលោកនាយក គណៈគ្រប់គ្រងសាលា ដែលខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ក្នុងការអប់រំណែនាំ ដល់ប្អូនៗសិស្សានុសិស្សទាំងអស់គ្នា តួយ៉ាងកត្តាមនុស្ស, ធនធានមនុស្ស, ពិសេសមូលធនមនុស្ស គឺជាកត្តាកំណត់ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យនេះដូច្នេះគឺទាមទារឱ្យមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះតួអង្គដែលមិនអាចខ្វះបាន គឺលោកគ្រូ អ្នកគ្រូ ដែលជាអ្នកផ្តល់ចំណេះដឹង និងចែករំលែកបទ ពិសោធ, ជាពិសេសការរួមចំណែកពីប្អូនៗសិស្សានុសិស្សដែលមានវត្តមាននៅពេលនេះផងដែរ ដែលជាទំពាំងស្នងឬស្សី និងធនធានបន្តវេនប្រកបដោយថាមភាព និងសាកសមជាអ្នកបន្តវេនជំនាន់ថ្មី និងជាគ្រាប់ពេជ្ររបស់កម្ពុជា នាពេលខាងមុខ។
នាឱកាសនេះ ឯកឧត្តម ហួត ហាក់ ក៏មានរង្វាន់លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សជ័យលាភីទាំងអស់រួមមាន៖ សិស្សនិទ្ទេស A (៩នាក់) ទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង និងថវិកា ៤០ ម៉ឺនរៀលក្នុងម្នាក់ៗ, សិស្សនិទ្ទេស B (៣៣នាក់) ទទួលបានថវិកា ១៥ម៉ឺនរៀលក្នុងម្នាក់ៗ, សិស្សនិទ្ទេស C (១១៨នាក់), D (២០៨ នាក់) ,E (១៦៥នាក់)៖ ទទួលបានថវិកា ១០ម៉ឺនរៀលក្នុងម្នាក់ៗ ជាពិសេសក៏មានការលើកទឹកចិត្តដល់គ្រូស្ម័គ្រចិត្តចំនួន ៥៩នាក់ ដោយទទួលបាន ១០ម៉ឺនរៀលក្នុងម្នាក់ៗ៕