ក្រសួងសេដ្ឋកិច្ច បើកវគ្គបណ្ដុះបណ្ដាល ពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និងបរិយាបន្ន ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបើកវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និង បរិយាបន្ន» ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងស្ថាប័ន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីចាត់ការហិរញ្ញវត្ថុនៃរដ្ឋបាល រាជធានី-ខេត្តទាំង ២៥ សំដៅចូលរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រកដោយប្រសិទ្ធភាព និងចីរភាព។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ របស់អង្គការសហប្រជាជាតិ ក្នុងគម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងនៅកម្ពុជា (UNITAR/PAGE)។

ពិធីបើកវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោក ស្ហាគីល អាហម៉ាត់ (Shakeel Ahmad) អ្នកតំណាងរង នៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិនៅកម្ពុជា និងលោក វុឡាដឺមៀ រ៉ូជែនស្គី (Vladimir ROJANSKI) ប្រធានកម្មវិធីហិរញ្ញវត្ថុ និងវិនិយោគបៃតង នៃសហភាពអ៊ឺរ៉ុបនៅកម្ពុជា ព្រមទាំងឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីប្រឹក្សាជាតិ-អន្តរជាតិ ព្រមទាំងមន្ត្រីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាម។

ថ្លែងក្នុងពិធីនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អគ្គមគ្គុទេសក៍វ័យក្មេង ឈ្លាសវៃ និង ពោរពេញដោយសមត្ថភាព បានបន្តផ្តល់អាទិភាពខ្ពស់លើ ការកសាង និង ការអភិវឌ្ឍសមត្ថភាព ដោយបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី១ នៅក្នុងរបៀបវារៈនៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយប្រកាន់ខ្ជាប់អភិក្រម «ជវភាពប្រព័ន្ធតួអង្គតែមួយ» សំដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះ និងជាមធ្យោបាយនៃ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ, និងការឈានទៅសម្រេចចក្ខុវិស័យ «ប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០»

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ក្នុងឆ្នាំ ២០២៤កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ ២០២៤ – ២០៣៣ ដែលជាផែនទីបង្ហាញផ្លូវគោលនយោបាយជាតិតែមួយគត់ ដោយគ្របដណ្តប់លើមហិច្ឆតាក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់, ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ, និង ការលើកកម្ពស់អភិបាលកិច្ចបរិស្ថាន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងដោះស្រាយបញ្ហាប្រឈមទាក់ទងនឹង ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ច និង សមធម៌សង្គម។

ផែនការយុទ្ធសាស្ត្រខាងលើនេះ នឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រជាជនកម្ពុជា និង ចូលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រែងប្រែងជាសកល ក្នុងការកាត់បន្ថយផលប៉ះពាល់នានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការកសាងសង្គមមួយដែលប្រកបដោយភាពធន់ និង ចីរភាព ស្របពេលដែលការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល បាននិងកំពុងស្ថិតក្នុងដំណាក់កាលទី៤ ក្នុងគោលបំណងគឺ «គណនេយ្យភាពសមិទ្ធកម្ម» បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុង ការកសាងភាពជឿទុកចិត្តនៃថវិកា, ការកសាងគណនេយ្យភាពហិរញ្ញវត្ថុ, និងការផ្សារភ្ជាប់ថវិកានឹងគោលនយោបាយ នៅក្នុងដំណាក់កាលទី១ ទី២ និងទី៣កន្លងទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា សកម្មភាពបៃតង និងបរិយាបន្ន ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលមិនត្រឹមតែមានការចូលរួមពីស្ថាប័នរដ្ឋាភិបាលប៉ុណ្ណោះទេ, ប៉ុន្តែ ចាំបាច់ក៏ត្រូវមានការចូលរួម ប្រកបដោយស្មារតីស្ថាបនា និងភាពជាដៃគូស្អិតរមួត ពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មនុស្សជាតិ ទាំងមូល។ ជាមួយគ្នានេះ, កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដំបូងគេ ដែលបានអនុម័ត «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង ដើម្បីជំរុញការអភិវឌ្ឍបៃតង ដែលបញ្ចេញកាបូនតិច» និង បានដាក់ចេញកាលពីឆ្នាំ២០១៣ នូវ «ផែនការយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣ – ២០៣០» ។ លើសពីនេះ, គម្រោង UN PAGE (Partnership for Action on Green Economy) នៅកម្ពុជា ត្រូវបានប្រកាសឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣ ដោយមានក្រសួងបរិស្ថាន ជាអ្នកសម្របសម្រួលការអនុវត្ត និង មានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។

តំណាងដៃគូអភិវឌ្ឍន៍ បានលើកឡើងអំពីការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ តាមរយៈការសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ដៃគូអភិវឌ្ឍន៍ផ្សេងៗ ដោយបានគ្របដណ្តប់លើវិស័យជាច្រើន ចាប់តាំងពីការបង្កើនសមត្ថភាពមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ដែលត្រូវអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា រហូតដល់ការជួយពង្រឹងប្រព័ន្ធផែនការ និង ប្រព័ន្ធតាមដាន។

ជាក់ស្តែង, UNITAR បានសហការជាមួយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៥-២០១៦ លើការបណ្តុះបណ្តាលជំនាញស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គោលនយោបាយនៃការប្រែប្រួលអាកាសធាតុ ជូនមន្ត្រីរាជការនៃក្រសួងស្ថាប័នពាក់ព័ន្ធ ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលចបន្ថែមអំពីសារៈសំខាន់នៃការងារកសាង និងអភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការ, ពិសេស វគ្គបណ្តុះបណ្តាល «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និងបរិយាបន្ន» នាពេលនេះ ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ក្រសួងស្ថាប័នអនុវត្តការអភិវឌ្ឍបៃតង និង បរិយាបន្ន ដែលត្រូវផ្សារភ្ជាប់នឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីសម្រេចបាននូវកំណើនបៃតង ប្រកបដោយបរិយាបន្ន ខណៈដែលសិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរទៅឱ្យក្រសួងស្ថាប័ន និងមន្ទីរអង្គភាពក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និងការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា សំដៅចូលរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕