ប្រធានរដ្ឋសភាកម្ពុជា អំពាវនាវសហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដ៏ផុយស្រួយរវាងកម្ពុជា-ថៃ


ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនៅទីក្រុងប៉េកំាងប្រទេសចិន, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ មេត្តាចូលរួមតាមដានឱ្យបានជិតដិត លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលមានលក្ខណៈផុយស្រួយដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ។ ពិធីនេះ​ ជាវេទិកាប្រមូលផ្តុំថ្នាក់ដឹកនាំនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូនានាមកពីប្រទេសជាង១០០ ក្នុងទ្វីបទាំង៥ នៃពិភពលោក។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអំពាវនាវដល់សហគមន៍អន្តរជាតិតាមដានឱ្យបានដិតដល់ លើការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ ដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ។ សម្តេច បន្តថា «សន្តិភាពជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងរួមរបស់យើង»

សូមជម្រាបថា ចាប់តំាងពីការផ្ទុះជម្លោះឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យកម្ពុជាពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥មក បានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្តោយព្រំដែន រួមទាំងស្ត្រី និងក្មេងស្រី ជាពិសេសស្ត្រីមានផ្ទៃពោះភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ដោយបោះបង់ចោលផ្ទះសម្បែង សាលារៀន និងកន្លែងប្រកបអាជីវកម្មរបស់ខ្លួន។

ក្នុងជំរំភៀសសឹកមានមនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងស្រ្តីខ្លះទើបឆ្លងទន្លេក៏មាន។ កុមារប្រមាណ ៥៨%ផ្សេងទៀត ជាពិសេសកុមារីតូចៗ មានការភ័យខ្លាចពីការផ្ទុះអាវុធ ការផ្ទុះគ្រាប់បែក និងការជម្លៀសចេញពីផ្ទះសម្បែង ជាពិសេសខាតបង់ការសិក្សា។

ដើម្បីស្តារស្ថានភាពបច្ចុប្បន្ន និងឈរលើស្មារតីស្រលាញ់សន្តិភាពយ៉ាងស្មោះស្ម័គ្រ, កម្ពុជាបានបន្តប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៨ខែកក្កដា ក្រោមគំនិតផ្តួចផ្តើមរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងសម្របសម្រួលដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ព្រមទាំងមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសជាច្រើនទៀត នៅក្នុងនោះមានសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

ប៉ុន្តែទោះបីជាមានបទឈប់បាញ់នេះក្តី ក៏ភាគីប្រទេសថៃនៅបន្តព្យាយាមរំលោភបំពាន ដល់កិច្ចព្រមព្រៀងឈប់បាញ់បន្តបន្ទាប់ ដោយបានបង្កឱ្យមានភាពតានតឹងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន តាមរយៈការរាយលួសបន្លា និងកង់ទ្បាន ការប្រើអំពើហិង្សាលើជនស៊ីវិលកម្ពុជា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិលនៅតាមព្រំដែនជាដើម។

កម្ពុជា បានប្រកាន់ជំហរសន្តិភាព អត់ធ្មត់ដោយសារមិនចង់ឃើញប្រជាពលរដ្ឋនៃប្រទេសទំាងពីរ រងគ្រោះកាន់តែធ្ងន់ធ្ងរពីសង្រ្គាមឡើយ។ កម្ពុជា បានព្យាយាមតាមដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា ដើម្បីធ្វើយ៉ាងណាឱ្យស្ថានការណ៍ព្រំដែនវិលទៅសភាពប្រក្រតីភាពឡើងវិញ៕