លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដង្ហែកឋិនទានសាមគ្គី ចូលវត្ដមុន្នីសុវណ្ណ ហៅវត្ដចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កឋិនទានមហាសាមគ្គីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន ភក្តី ហុក ឡងឌី, លោកស្រី សូ ភត្ដ្រា ចាយ បូរិន និងថ្នាក់ថ្នាក់ដឹកនាំ រួមទាំងភរិយាថ្នាក់ដឹកនាំជាច្រើនរូបទៀត។
កឋិនទាន គឺជាពិធីបុណ្យក្នុងសាសនាព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយ ដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាឡើយ។
ដូច្នេះក្នុងឱកាសបុណ្យកឋិនទានមហាសាមគ្គីនាថ្ងៃនេះ គឺជាថ្ងៃមួយប្រកបដោយមហានក្ខត្ដឬក្សមណ្ឌលដ៏ឧត្ដម ឋិតនៅក្នុងអភិលក្ខិតសម័យ ជាសិរីសួស្ដីជោគជ័យដ៏ឧត្ដុងឧត្ដមបរមសុខាមហាប្រសើរ។ សទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅនៅក្នុងព្រះពុទ្ធសាសនា បានមូលមតិគ្នាជាឯកច្ឆ័ន្ធផ្ដួចផ្ដើមប្រារព្ធពិធីបុណ្យកឋិកទានមហាសាមគ្គី ដើម្បីវេរប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលងត្រីមាសក្នុងព័ទ្ធសីមា ទីអារាមជាញជ័យនៃវត្ដមុន្នីសុវណ្ណ ហៅវត្ដចំពុះក្អែក ដែលមានសម្ដេចព្រះមហាសុមេធាធិបតីកិត្ដិបណ្ឌិត អំ លឹមហេង ជាអម្ចាស់ជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ជាទីបំផុត។ ដើម្បីចម្រើនក្នុងហេតុសំខាន់ៗបីយ៉ាងគឺ៖
១៖ ជីវិតមហកម្ម៖ គឺដើម្បីជប់លាងនូវអាយុជីវិតឱ្យរឹងរិតតែមានរស្មី កាន់តែភ្លឺស្វាងឡើងផង។
២៖ អាយុវឌ្ឍវនកម្ម៖ គឺដើម្បីចម្រើននូវអាយុឱ្យកាន់តែវែងទៅផង
៣៖ទក្ខិណានុប្បទានកម្ម៖ ដើម្បីឧទ្ទិសនូវមហាកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ នៃបុព្វការីជណទាំងឡាយ មានជីដូនជីតា កុម៉ា ញាតិការទាំង៧សណ្ដាន ដែលបានលះលោកនេះ ទៅកាន់លោក។
លោកតាអាចារ្យ បានឲ្យដឹងផងដែរថា កម្មវិធីអង្គកឋិនទាននេះបានប្រព្រឹត្តទៅតាមលំអានប្រពៃណីព្រះពុទ្ធសាសនា និងបានធ្វើពិធីដង្ហែអង្គកឋិនទាន វេរនូវត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានអមកឋិនផ្សេងៗ ព្រមទាំងបច្ច័យសង្កត់ត្រៃប្រគេនព្រះសង្ឃដើម្បីប្រើប្រាស់ជាប្រយោជន៍នៃព្រះពុទ្ធសាសនា។ បុណ្យកឋិនទានជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺប្លែកដោយកាល មានត្រឹមតែ២៩ ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះហើយកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយក ទាយិកាម្ចាស់ទានផង បានអានិសង្ឃដល់ភិក្ខុជាបដិគ្គាហកៈ អ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង៕


















































