ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជំរុញឱ្យប្រជាជនខ្មែរ បន្តគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក


ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី នៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាជនខ្មែរ បន្តគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីពង្រឹងចង្វាក់ផលិតកម្មជាតិ សំដៅបង្កើតឱកាសការងារជូនប្រជាជន និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៧” ដែលរៀបចំឡើង ដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅឯមជ្ឈមណ្ឌលវិមានសុភមង្គល ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
ពិធីនេះក៏មានអញ្ជើញចូលរួមពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ពាណិជ្ជករ អាជីវករ តំណាងសហគ្រាសធុនតូច និងធម្យម ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានកោតសរសើរចំពោះការផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញនូវយុទ្ធនាការទិញផលិតផលខ្មែរ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីបំផុសឱ្យពលរដ្ឋកម្ពុជា ចូលរួមប្រើប្រាស់ផលិតផលខ្មែរ ជំនួសផលិតផលនាំចូលពីបរទេស។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា តាមរយៈការរៀបចំ និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មជាតិ និងអន្តរជាតិ បានធ្វើឱ្យទំហំពាណិជ្ជកម្មកម្ពុជា មានកំណើនកាន់តែប្រសើររៀងរាល់ឆ្នាំ។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានរៀបចំដោយជោគជ័យនូវយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី១ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ។ សម្រាប់រដូវកាលទី២នេះ ក្រសួងនឹងបន្តធ្វើឱ្យបាននៅក្នុងខេត្ត-ក្រុងចំនួន ៤ទៀត ដើម្បីទាក់ទាញការគាំទ្រកាន់តែច្រើនពីប្រជាជន ចំពោះផលិតផលខ្មែរ។
សូមបញ្ជាក់ថា នៅក្នុងពិព័រណ៍ពាណិជ្ជកម្មថ្ងៃនេះ មានក្រុមហ៊ុនចូលរួមចំនួន ១៩៤ក្រុមហ៊ុន និងមានស្តង់លក់សរុបចំនួន ២០០ស្តង់ ហើយក្នុងនោះ ក៏មានរៀបចំសិក្ខាសាលា កម្មវិធីជំនួបពិភាក្សារវាងអ្នកផលិត-អ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញ-អ្នកប្រើប្រាស់ផលិតផលខ្មែរ ព្រមទាំងការប្រគុំតន្ត្រី ដែលមានការចូលរួមសម្តែងពីសិល្បករ និងសិល្បការនីល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ផងដែរ៕