នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី បន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥។ កិច្ចប្រជុំនេះបន្តដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។
កិច្ចប្រជុំនេះ ពិនិត្យ ឲនិងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ចំនួន៥រួមមាន៖
១៖ ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។
២៖ ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។
៣៖ ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
៤៖ ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។
៥៖ ការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។
មុននឹងឈានដល់កិច្ចពិភាក្សាលើរបៀបវារៈខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរំលឹកពីប្រវត្តិ និងដំណើរដើមទងពាក់ព័ន្ធការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ផងដែរ៕



















































































