មូលនិធិ អាឡឺម៉ង់គ្រោងជួយបណ្តុះបណ្តាលមន្រ្តីបរិស្ថានលើផ្នែកទំនាក់ទំនងសាធារណៈ


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៧ បានចាត់ទុកថាមូលនិធិខុនរ៉ាតរបស់ប្រទេសអាល្លឺម៉ង់ មានមូលដ្ឋាននៅកម្ពុជាជាច្រើនឆ្នាំ ហើយក៏ជាដៃគូសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងអភិបាលកិច្ចល្អ។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញអោយមូលនិធីនេះ មានកិច្ចសហការបណ្តុះបណ្តាលផ្នែកទំនាក់ទំនងសាធារណៈ ដល់មន្ត្រីអ្នកនាំពាក្យ និងមន្រ្តីក្រសួងបរិស្ថាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឲ្យពួកគេបានយល់ដឹងពីសារៈសំខាន់នៃទំនាក់ទំនង និងព័ត៌មាន និងដើម្បីជូនដំណឹងដល់សាធារណជនបានចំគោលដៅ។ នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកស្រី Susanne KASS ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិអង្គការមូនិធិ ខុនរ៉ាត អាឌិនណៅអ៊ែរ (Konrad Adenauer Stiftung) របស់សហព័ន្ឋ អាឡឺម៉ង់ បានលើកឡើងពីគម្រោងកិច្ចសហការជាមួយកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្សជាពិសេសលើផ្នែកទំនាក់ទំនងសាធារណៈ ដល់មន្រ្តីតាមក្រសួងស្ថាប័ននានាដែលកំពុងធ្វើ និងបន្តអនុវត្តន៍នៅក្នុងពេលខាងមុខ។ ជាមួយគ្នានេះលោកស្រីបានបង្ហាញពីគោលបំណងទស្សនកិច្ចលោកស្រី១សប្តាហ៍នៅកម្ពុជា ដើម្បីស្វែងយល់ពីការរីកចំរើនរបស់កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការនានា ដែលមូលនិធីសហព័ន្ឋអាឡឺម៉ង់បានកំពុងនិងត្រៀមអនុវត្តន៍ជាមួយស្ថាប័ននានានៅកម្ពុជា៕