លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធី សម្ពោធរោងចក្រផលិតទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំងរបស់ក្រុមហ៊ុនអង្គរដេលីហ្វ៊ូដ ខូអិលធីឌី


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធរោងចក្រផលិតទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំងរបស់ក្រុមហ៊ុនអង្គរដេលីហ្វ៊ូដ ខូអិលធីឌី ស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ រសៀថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។
ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយកត្ដិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមាន សុខ សន្តិភាព និងមានស្ថេរភាពនយោបាយល្អ រួមជាមួយនឹងការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយក្នុងនោះក៏មាន វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម និងសិប្បកម្ម ដែលជាវិស័យនាំមុខផងដែរ។ លោកជំទាវបានបន្តទៀតថា ៖ ប្រការដែលក្រុមហ៊ុន អង្គរ ដេលី ហ្វ៊ូដ បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ក៏ព្រោះតែក្រុមហ៊ុនមានជំនឿទុកចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាលដែលបានតែងតែបង្ករលក្ខណៈងាយស្រួល និងបានជួយសម្របសម្រួលដល់អ្នកវិនិយោគគ្រប់បែបយ៉ាងទាំងអ្នកវិនិយោក្នុង និងអ្នកវិនិយោគក្រៅ ដែលមានបំណងចង់មកវិនិយោគនៅកម្ពុជា។ ដោយឡែករោងចក្រផលិតភេសជ្ជៈដែលកំពុងដាក់សម្ពោធនាពេលនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីភាពរស់រវើក នៃសេដ្ឋកិច្ចកម្ពុជា និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ហើយក៏បានចូលរួមចំណែកធ្វើឱ្យទីផ្សារក្នុងស្រុកយើងមានទំនិញកាន់តែសម្បូរណ៍បែប និងមានជម្រើសកាន់តែច្រើនសម្រាប់អតិថិជនជាអ្នកប្រើប្រាស់ផលិតផល ហើយក៏ជាការបង្កើតផលិតផលក្នុងស្រុកកាន់តែច្រើនឡើង។ ម៉្យាងវិញទៀតក្រុមហ៊ុននេះក៏បានទាក់ទាញនូវកម្លាំងពលកម្មក្នុងស្រុកមួយចំនួនមកធ្វើការនៅទីនេះ ដែលបានកាត់បន្ថយនូវការធ្វើការចំណាកស្រុកផងដែរ។
សូមបញ្ជាក់ផងដែរថា ៖ ក្រុមហ៊ុនផលិតភេសជ្ជៈមួយនេះ មានម្ចាស់ជាជនជាតិខ្មែរ គឺបានផលិតទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំង ដែលបានចំណាយទុនវិនិយោគអស់រហូតដល់ជាង១០លានដុល្លារ នៅលើផ្ទៃដីទំហំ១ហិកតា ៕