សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ អរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃ


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបង្ហោះសារសូមថ្លែងអំណរគុណចំពោះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ច ការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងថែរក្សាអនាម័យបរិស្ថានបានល្អប្រសើរ នៅទូទាំងប្រទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពីថ្ងៃទី៤-៦ វិច្ឆិកា ២០២៥។

សូមជម្រាបថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ វិច្ឆិកា ២០២៥ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋានានាទូទាំងប្រទេស ជាមួយគ្នានេះតាមបណ្តាតំបន់ ក្នុងរាជធានី-ខេត្តមួយចំនួន មានរៀបចំពីធីប្រណាំងទូកផងដែរ ក្នុងបរិយាកាសសប្បាយរីករាយ៕