ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Beth Van Duyne សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិក (Rep. for Texas’s 24th Congressional District) និងជាសមាជិកនៃគណៈកម្មាធិការចំនួនពីរគឺ គណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ និងគណៈកម្មាធិការអាជីវកម្មធុនតូច នៃរដ្ឋសភាសហរដ្ឋអាម៉េរិក។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកការគាំទ្រពីសភាអាម៉េរិកសម្រាប់ការវិនិយោគពីអាម៉េរិក លើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការកាត់បន្ថយរបាំងពាណិជ្ជកម្មនានា។ តាមរយៈជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីសមាជិកសភាតំណាងរាស្ត្រ បានពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែម ក្នុងស្មារតីបន្តពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតយកឱកាសក្នុងជំនួបនេះ លើកឡើងអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ធំៗ ២ របស់កម្ពុជា នោះគឺ៖ (១) ការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ និងការអនុវត្តយ៉ាងមុតមាំរបស់កម្ពុជាតាមខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងនេះ ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ព្រមទាំងធានានូវស្ថិរភាពក្នុងតំបន់ ក្រោមការជួយជ្រោមជ្រែងពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក តាមរយៈប្រធានាធិបតី Donald J. Trump និងសមាគមអាស៊ាន តាមរយៈលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន២0២៥, និង (២) ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (Reciprocal Trade Agreement) រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។
ក្នុងពេលដំណាលគ្នានោះលោកបណ្ឌិត Richard McCormick សមាជិកសភាតំណាងរាស្ត្រ (តំណាងឱ្យមណ្ឌលទី៧ រដ្ឋ Georgia) បានឆ្លៀតឱកាសពីកិច្ចប្រជុំផ្ទាល់ខ្លួនរបស់លោក ដើម្បីមកជួបសម្តែងនូវក្ដីនឹករលឹកយ៉ាងកក់ក្ដៅជាមួយលោកឧបនាយករដ្ឋមន្ត្រី។ ជំនួបនេះបានបញ្ជាក់បន្ថែមពីចំណងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងបានពង្រឹងស្មារតីសាមគ្គីភាពរវាងសមាជិកសភាអាម៉េរិក និងគណៈប្រតិភូកម្ពុជា។
ក្នុងន័យសម្ដែងនូវមនោសញ្ចេតនាគោរពរាប់អាន ថ្លែងអំណរគុណ និងក្តីនឹករលឹកលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកនូវវត្ថុអនុស្សាវរីយ៍ជានិមិត្តរូបនៃវប្បធម៌ខ្មែរ នោះគឺសម្លៀកបំពាក់ប្រពៃណីច្នៃអំពី «សំពត់ហូលខ្មែរ» ជូនលោកស្រីBeth Van Duyne និងលោកបណ្ឌិត Richard McCormick ផងដែរ នូវវត្ថុអនុស្សាវរីយ៍នេះតំណាងឱ្យសិល្បៈដ៏ចំណាន និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជាតិកម្ពុជា។ សំពត់ហូលខ្មែរ ត្រូវបានត្បាញដោយដៃយ៉ាងល្អិតល្អន់ចេញពីសរសៃសូត្រសុទ្ធ និងប្រើប្រាស់បច្ចេកទេសជ្រលក់ពណ៌ដោយល័ក្តធម្មជាតិ ១០០% ដែលតម្រូវឱ្យមានភាពអំណត់ និងជំនាញខ្ពស់។ រាល់ក្បាច់ក្បូរក្រឡាគោមលើសំពត់ហូលនេះ បានបង្កប់នូវព្រលឹងអត្តសញ្ញាណជាតិ និងភាពច្នៃប្រឌិតរបស់ប្រជាជនកម្ពុជាតាំងពីបុរាណកាលមក។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការជូនវត្ថុអនុស្សាវរីយ៍នេះ គឺជាក្តីសង្ឃឹមក្នុងការចែករំលែកនូវភាពស្រស់សោភា និងភាពរុងរឿងនៃវប្បធម៌ខ្មែរ ក៏ដូចជាការពួនជ្រំចំណងមិត្តភាពឱ្យកាន់តែរឹងមាំជាមួយលោកស្រី Beth Van Duyne និងលោកបណ្ឌិត Richard McCormickថែមមួយកម្រិតទៀត។
គួររម្លឹកដែរថា លោកស្រី Beth Van Duyne ធ្លាប់បានដឹកនាំគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក(CODEL) មកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីចុងខែសីហាកន្លងទៅ។ កាលនោះលោកស្រីទទួលបានឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដោយបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាអតិផរណាទាបរបស់កម្ពុជា។ ជាមួយគ្នានោះ លោកស្រី និងគណៈប្រតិភូបានចុះបំពេញទស្សនកិច្ចពិនិត្យដោយផ្ទាល់នូវស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានផ្លាស់ទីលំនៅទៅស្នាក់នៅមជ្ឈមណ្ឌលសន្តិសុខ ក្នុងស្រុកគូលែន ខេត្តព្រះវិហារផងដែរ៕






