សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសារលិខិតអបអរសាទរក្នុងឱកាសទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
នៅក្នុងសាលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទក្នុង គោលបំណងដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទនិងរួមគ្នាធ្វើឱ្យស្ថានភាពអនាម័យនៅកម្ពុជាកាន់តែប្រសើរឡើង ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់ ក្នុងគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ ការលើកកម្ពស់អនាម័យជនបទនៅតែជាការងារ អាទិភាពរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានបញ្ជាក់ យ៉ាងច្បាស់អំពីការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតជាសំខាន់លើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០។
អត្រានៃការទទួលបានសេវាអនាម័យជនបទមានការកើនឡើងគួរជាទីមោទនៈ។ គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេសសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលក្នុងនោះមានភូមិចំនួន១៤ ៥៧៦ ឃុំចំនួន១ ៦៥២ ស្រុកចំនួន១៦៣ ក្រុងចំនួន៣៣ និងខណ្ឌចំនួន១៤ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមថ្មីមួយទៀតរបស់កម្ពុជា។ ដោយឡែកអត្រាគ្របដណ្តប់អនាម័យជនបទបាន កើនឡើងពី៩០% នៅឆ្នាំ២០២៤ ដល់៩៥% ក្នុងឆ្នាំ២០២៥នេះ នឹងឱ្យសម្រេចបាន១០០% នៅឆ្នាំ២០៣០។
សមិទ្ធផលដែលសម្រេចបាននេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ បានរួមគ្នាខិតខំប្រឹងប្រែងអនុវត្តការងារលើកកម្ពស់អនាម័យជនបទ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងយន្តការដែល បានដាក់ចេញនាពេលកន្លងមក។ លទ្ធផលនេះក៏បានបង្ហាញឱ្យឃើញការប្រែប្រួលជាវិជ្ជមាននូវកម្រិតនៃការ យល់ដឹងអំពីការប្រតិបត្តិអនាម័យល្អ។
ខាងក្រោមនេះជាសាលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖




