អភិបាលខេត្តបាត់ដំបង លើកទឹកចិត្តដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត។

ឯកឧត្តម សុខ លូ បានថ្លែងដូចនេះ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីជជែកដេញដោល និងនិយាយជាសាធារណៈយុវជនថ្នាក់ខេត្តឆ្នាំ២០២៥ វគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រូវចូលរួមទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខភាព ព្រមទាំងចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ,មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដែលបានរៀបចំកម្មវិធីប្រកួតជជែកដេញដោល និងនិយាយជាសាធារណៈយុវជនថ្នាក់ខេត្តដែលជាកម្មវិធីមួយថ្មីដ៏ល្អ។

សូមជម្រាបថា កម្មវិធី «ជជែកដេញដោល និងនិយាយជាសាធារណៈ» សម្រាប់យុវជនខេត្តបាត់ដំបង ឆ្នាំ២០២៥ ជាកម្មវិធីមួយបង្កើតឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាស និងជាការផ្ដល់វេទិកាដល់យុវជន ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព ជំនាញ និងបំណិន ដូចជាការស្រាវជ្រាវ ការនិយាយជាសាធារណៈ ការផ្តួចផ្តើមគំនិតថ្មី នវានុវត្តន៍ ការងារជាក្រុម និងការដោះស្រាយបញ្ហា ព្រមទាំងបណ្តុះបាននូវស្មារតីវប្បធម៌សន្ទនា ការបញ្ចេញមតិប្រកបដោយទំនួលខុសត្រូវនិងការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមានក្នុងចំណោមយុវជនកម្ពុជា៕