លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី អំពាវនាវដល់សិស្សទើបប្រឡងជាប់បាក់ឌុប ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យប្រទេសជាតិកាន់តែខ្លាំង


លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារបក្ស ចុះមូលដ្ឋានខណ្ឌកំបូល បានអំពាវនាវដល់សិស្សទើបប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវចូលរួមចំណែកជាមួយជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យប្រទេសជាតិកាន់តែខ្លាំង តាមរយៈការបន្តពង្រឹងចំណេះដឹង ជំនាញ និងសីលធម៌របស់ខ្លួន។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី អញ្ជើញសំណេះសំណាល ជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A-B សរុប៣៣នាក់ ក្នុងមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកជំទាវ អ៉ឹង កន្ថាផាវី បានថ្លែងទៀតថា បច្ចុប្បន្នពិភពលោក មានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយសង្គមជាតិមួយ អាចវិវឌ្ឍន៍ទៅលឿនបាន គឺពឹងផ្អែកលើធនធាន មនុស្សមានជំនាញ និងចំណេះដឹង។ បើមិនមានចំណេះដឹង និងជំនាញ កម្ពុជាមិនអាចប្រកួតប្រជែងបាន ជាមួយបណ្តាប្រទេសជិតខាង និងពិភពលោកបានឡើយ។

ក្នុងន័យនេះ លោកជំទាវ អ៉ឹង កន្ថាផាវី បានអំពាវនាវដល់សិស្ស ត្រូវរួមគ្នាជួយឱ្យប្រទេសកម្ពុជាខ្លាំង។ ជាមួយគ្នានោះ លោកគ្រូ-អ្នកគ្រូ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបង្ហាត់បង្រៀន ឱ្យមានមូលធនមនុស្សកាន់តែខ្លាំង និងច្រើន នៅកម្ពុជា។

លោកជំទាវកិត្តិបណ្ឌិត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើការបង្កើនធនធានមនុស្ស។ ក្នុងនោះ លោកគ្រូ-អ្នកគ្រូ សូមយកចិត្តទុកដាក់ផងដែរ លើការពង្រឹងផ្នែកសីលធម៌ ដល់សិស្សានុសិស្ស ព្រោះការមានចំណេះដឹង និងជំនាញតែមួយមុខ មិនគ្រប់គ្រាន់ទេ ប្រសិនបើគ្មានសីលធម៌ក្នុងខ្លួននោះ។

ជាមួយគ្នានេះ លោកជំទាវ អ៉ឹង កន្ថាផាវី ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូ-អ្នកគ្រូ ដែលបានបណ្តុះបណ្តាលដល់សិស្សឱ្យសិក្សាទទួលបានលទ្ធផលល្អ នឹងក្លាយទៅជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ នាពេលអនាគត។

សូមជម្រាបថា សម្រាប់រង្វាន់លើកទឹកចិត្ត ពីលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា មូលដ្ឋានខណ្ឌកំបូល ជូនដល់សិស្សជ័យលាភី រួមមាន សិស្សនិទ្ទេស A ចំនួន៧នាក់ ក្នុងម្នាក់ទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង និងថវិកា១០ម៉ឺនរៀល, សិស្សនិទ្ទេស B ទទួលបានកាបូប១ និងថវិកា១០ម៉ឺនរៀល។

ដោយឡែក នាយកសាលា២នាក់ ក្នុងម្នាក់ថវិកា២០ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូ ចំនួន៥នាក់ ក្នុងម្នាក់ថវិកា១៥ម៉ឺនរៀល៕