ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោក Seyed Reza Salehi Amiri រដ្ឋមន្រ្តីក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្មនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលជាប្រទេសដ៏ធំ និងមានសេដ្ឋកិច្ចនាំមុខដ៏សំខាន់មួយក្នុងតំបន់មជ្ឈិមបូព៌ា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-អ៊ីរ៉ង់ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែត្រូវបានពង្រឹង និងពង្រីកជាលំដាប់។
ការចុះMOUនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងឱកាសដែលលោក ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិ លើកទី២៦ (UN Tourism- 26th General Assembly) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ។
តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទៅកាន់តំបន់មជ្ឈិមបូព៌ា ពង្រីកទេសចរណ៍ម៉ូស្លីម (Muslim Friendly) និងការបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងទេសចរណ៍បែបបេតិកភណ្ឌសំដៅទាក់ទងភ្ញៀវទេសចរអីរ៉ុងដែលមានចំនួនច្រើនជាង៥ដង មកទស្សនាប្រទេសកម្ពុជា និងកាលានុវត្តភាពវិនិយោគ ជាពិសេសក្នុងវិស័យទេសចរណ៍ ជាមួយនឹងភាពងាយស្រួលក្នុងការធ្វើដំណើរផ្លូវអាកាស តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Etihad រវាងទីក្រុងអាប៊ូដាប៊ីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបានដំណើរការកាលពីដើមខែតុលាកន្លងទៅនេះ៕















