អភិបាលខេត្តកំពង់ចាម ជម្រុញឲ្យមន្ត្រី បម្រើសេវាច្រកចេញចូលតែមួយកាន់តែល្អប្រសើរ ដើម្បីប្រកួតប្រជែងយកជ័យលាភី អង្គភាពឆ្នើម ឆ្នាំ២០២៥


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជម្រុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ខិតខំបង្កើនប្រសិទ្ធភាព ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដើម្បីឈានទៅធ្វើការប្រកួតប្រជែងដណ្ដើមជ័យលាភី អង្គភាពឆ្នើមរាជធានីខេត្តឆ្នាំ ២០២៥ ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញដូច្នេះ ក្នុងកិច្ចប្រជុំ ស្តីពីការប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥ នារសៀលថ្ងៃទី ១០ខែវិច្ជិកា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថាដោយយោងតាម លិខិតលេខ២៧២ នមធ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ របស់នាយកដ្ឋានមុខងារ និង ធនធាន និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃ នឹងរៀបចំឱ្យមានការប្រឡងប្រណាំងជ្រើសរើសការិយាល័យ ប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ឆ្នើម ក្នុងឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្ត ដល់ការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលមានស្នាដៃឆ្នើមក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹង និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ ក្នុងនោះក្រសួងមហាផ្ទៃ នឹងធ្វើការពិនិត្យវាយតម្លៃ និងជ្រើសរើសយកការិយាល័យប្រជាពលរដ្ឋ ចំនួន ៣គោលដៅ និងអង្គភាពច្រកចេញចូលតែមួយចំនួន ៣គោលដៅ ដែលបានបំពេញការងារល្អជាងគេ ដើម្បីផ្តល់រង្វាន់លើកទឹកចិត្ត។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍បន្តទៀតថា រដ្ឋបាលខេត្តកំពង់ចាម និងចូលរួមប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥នេះ។ ដូច្នេះ ប្រធានការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ ត្រូវបង្កើនប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលអោយកាន់តែប្រល្អប្រសើរ និងត្រូវស្វែងយល់ខ្លឹមសារក្នុងតារាងសូចនាករ និងលក្ខណៈ វិនិច្ឆ័យសម្រាប់វាយតម្លៃអង្គភាពច្រកចេញចូលតែមួយ ឧបសម្ព័ន្ធ នីមួយៗ ឱ្យបាន ច្បាស់លាស់ ដើម្បីពិភាក្សា និងសុំជាយោបល់ ពិនិត្យកែលម្អបន្ថែម ដើម្បីឈានទៅប្រកួតប្រជែងទទួលបានជ័យលាភី ជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្តឆ្នើមឆ្នាំ២០២៥៕