សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក្នុងឱកាសខួបចម្រើនជន្មាយុ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរសារជូនពរយ៉ាងដូច្នេះថា៖ សម្តេចឥស្សរវិទេសបញ្ញា ជាទីរាប់អានដ៏ជ្រាលជ្រៅ! ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុរបស់ សម្តេចឥស្សរវិទេសបញ្ញា នាថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវក្តីសោមនស្សរីករាយ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងជូនពរជ័យចំពោះ សម្តេច សូមមានសិរីមង្គលបវរមហាប្រសើរបំផុត ព្រមទាំងមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា និង ជន្មាយុយឺនយូរ។

ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះសម្តេច ដែលបានចូលរួមចំណែកក្នុងការកសាង និងស្តារ ប្រទេសកម្ពុជាឡើងវិញ រហូតទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ សម្តេច គឺជាអតីតប្រមុខការទូតប្រកបដោយស្នាដៃ និងបទពិសោធខ្ពស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យការទូតនៅកម្ពុជា ការស្តារទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តា ប្រទេសជាមិត្តជាច្រើន។ ការណ៍នេះ បានជួយលើកតម្កើងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយ មនសិការស្នេហាជាតិ ស្នេហាប្រជាជន ស្វាមីភក្តិចំពោះរាជបល្ល័ង្ក និងការការពារនិរន្តរភាពរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ សម្តេច តែងតែចូលរួមជាវិភាគទានជាមួយ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ។

ជាថ្មីម្តងទៀត ខ្ញុំ សូមជូនពរជ័យ សិរីសួស្តីមង្គលគ្រប់ប្រការជូនចំពោះ សម្តេច និង លោកជំទាវ ព្រមទាំង បុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចឥស្សរវិទេសបញ្ញា ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕