ឯកឧត្តម ឈាង វណ្ណារិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក និងជាតំណាងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោក ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងបានដាក់ចេញទិសដៅអនុវត្តបន្តមួយចំនួន សំដៅធ្វើយ៉ាងណាក្តាប់ឱ្យជាប់នូវសភាពការណ៍កើតឡើងនៅមូលដ្ឋានជាពិសេសការពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ពលរដ្ឋ។
កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក លោក លោកស្រី ជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង៨ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងមានអនុប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំទាំង៨ ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំជាច្រើនរូបទៀតផងដែរ។
បន្ទាប់ពីលោក ហាក់ ម៉ុងហួត ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោកបានរាយការណ៍លទ្ធផលអនុវត្តការងារក្នុងខែតុលា ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរួចមក ឯកឧត្តម ឈាង វណ្ណារិទ្ធ បានណែនាំឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ បន្តដោះស្រាយ បញ្ហាសមធម៌ និងយុត្តិធម៌សង្គម និងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ ពិសេសការបង្ក្រាបគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់។
ក្រោយពីបានស្តាប់របាយការណ៍របស់ឯកឧត្តម ឈាង វណ្ណារិទ្ធបានបើកកិច្ចពិភាក្សាយ៉ាងផុសផុល ដោយមានការចូលរួមយោបល់ពីប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៨ និងមានការចូលរួមយោបល់ពីលោក លោកស្រីប្រធានគណបក្សឃុំ។
ជាការបូកសរុបឯកឧត្តម ឈាង វណ្ណារិទ្ធ អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក បានផ្តល់អនុសាសន៍ជូនប្រធានគណៈកម្មាធិការគណបក្សស្រុកតាំងគោក ក៏ដូចជាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៨ និងគណបក្សឃុំ រួមមាន៖
ទី១៖ បន្តបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យបានល្អ និងស្របពេល ដែលរដូវច្រូតកាត់ឈានចូលមកដល់ លោកក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងត្រៀមចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា
ទី២៖ បំផុសជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចបវរធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម និងលើកទឹកចិត្តការប្រើប្រាស់ផលិតផលក្នុងស្រុក- បំផុសស្មារតីប្រជាជនឱ្យបន្តគាំទ្រយុទ្ធជនសមរភូមិមុខ និងជួយឧបត្ថម្ភប្រជាជនភៀសសឹក និងគាំទ្រលើកទឹកចិត្តស្មារតីការពារទឹកដី រួមកម្លាំង ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។
ទី៣៖ បន្តតាមដានជាប្រចាំសភាពការណ៍សតិអារម្មណ៍ទាំងក្នុងគណបក្ស និងទាំងក្នុងប្រជាជន មហាជន ហើយឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីធានាការអនុវត្តជោគជ័យរាល់ភារកិច្ចនយោបាយរបស់គណបក្ស និងលើកកម្ពស់ស្មារតីសាមគ្គីឯកភាពជាតិជុំវិញការដឹកនាំរបស់គណបក្ស
ទី៤៖ បន្តពង្រឹងសមាជិកបក្សទាំងបរិមាណ និងគុណភាព ដោយគ្រប់ភូមិ ត្រូវខិតខំកសាងសមាជិកបក្សឱ្យបាន ៨៣,៥% ធៀបនឹងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅចុងឆ្នាំ២០២៥នេះ
ទី៥៖ ពង្រឹងរចនាសម្ព័ន្ធ របៀបរបបការងារឱ្យកាន់តែស៊ីសង្វាក់គ្នារវាងក្រុមការងារចុះជួយឃុំ និងគណបក្សឃុំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
ទី៦៖ ពង្រឹង និងបង្កើនសមត្ថភាពយុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក សម្រាប់គោលដៅអ្នកបន្តវេន- បន្តខិតខំធ្វើអំពើល្អ និងលប់បំបាត់នូវអំពើអសកម្មនានា, បន្តជំរុញដំណើការសាងសង់ទីស្នាក់ការគណបក្សស្រុកតាំងគោក ហើយកាន់តែចាំបាច់នោះ គឺការបន្តចុះជាប់នៅមូលដ្ឋាន និងបន្តចិញ្ចឹមចលនាបក្សនៅមូលដ្ឋានឱ្យបាននកាន់តែល្អផងដែរ៕


















