ផ្នែកក្រសួង-ស្ថាប័នក្រោមកិច្ចសហការជាមួយផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីវ័យក្មេងដើម្បីចីរភាព និងនិរន្តរភាពនៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស» ជំនាន់ទី២ ជូនយុវជនគណបក្សក្រសួង ស្ថាប័នទាំង៤៣ និងជំនួយការផ្នែកក្រសួង ស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាតសមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
កម្មវិធីបិទ បានរៀបចំនៅថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និង ប្រធាន អនុប្រធានផ្នែកក្រសួង-ស្ថាប័ន តំណាងប្រធានផ្នែកបណ្តុះបណ្តាល គ្រូឧទ្ទេស ព្រមទាំងសិក្ខាកាមសរុបប្រមាណ ជាង ២១០នាក់ នៅវិមាន៧មករា។
ក្នុងរបាយការណ៍ស្តីអំពីលទ្ធផលនៃវគ្គបណ្តុះបណ្តាលរបស់លោក សួង ម៉េងឡុង អនុប្រធានផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោក យស ផានីត្តា ប្រធានផ្នែកបណ្តុះបណ្តាល បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអស់រយៈពេល១ថ្ងៃកន្លះមកនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ក្នុងស្មារតីភាតរភាព សាមគ្គីភាព និង ប្រកបដោយការទទួលខុសត្រូវ។ សិក្ខាកាមបានអនុវត្តកម្មវិធីសិក្សាយ៉ាងម៉ត់ចត់ បានគោរពវិន័យខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុងរបស់វគ្គ និងយកចិត្តទុកដាក់ក្នុងការរៀនសូត្រ។ តាមរយៈការរៀនសូត្រ សិក្ខាកាមបានវាយតម្លៃខ្ពស់ចំពោះសារប្រយោជន៍នៃវគ្គបណ្តុះបណ្តាលដែលខ្លួនបានទទួលនៅក្នុវគ្គនេះ ។
មានមតិសំណេះសំណាលបិទវគ្គបណ្តុះបណ្តាល ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតីប្រធាន ដែលសម្តេចជានិច្ចកាលតែងតែនឹករលឹកនឹងគិតគូជាប្រចាំដល់យុវជនគណបក្សរបស់យើងទាំងអស់។ ឯកឧត្តមបន្ថែមទៀតថា ការបើកវគ្គបណ្តុះបណ្តាលអប់រំនយោបាយដល់មន្ត្រីគណបក្ស គឺជាគោលការណ៍ដ៏សំខាន់មួយដែលពុំអាចខ្វះបានក្នុងការកសាងពង្រឹងជួរមន្ត្រីរបស់គណបក្ស នៅគ្រប់ដំណាក់កាលឲ្យមានភាពរឹងមាំ ស្អាតស្អំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗផង ព្រមទាំងចូលរួមក្នុងការកសាងកម្លាំងបន្តវេនរបស់គណបក្សផង ជាពិសេសក្នុងពេលបច្ចុប្បន្ន ដែលដំណើរការរៀបចំការផ្ទេរជំនាន់ដឹកនាំរបស់គណបក្សយើងកំពុងប្រព្រឹត្តទៅប្រកបដោយការ ទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាប្រទេសជាតិ។ អាស្រ័យហេតុនេះ យុវជនគណបក្សថ្នាក់កណ្តាល មានការយកចិត្តទុកដាក់ខ្ពស់ដល់ការកសាងពង្រឹងជួរមន្ត្រីយុវជនគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក សំដៅធានានូវការឯកភាព ទាំងខាងទស្សនៈ គោលជំហរ និងសកម្មភាព មានអត្តចរិត សីលធម៌ល្អប្រពៃ និងមានសមត្ថភាពសម្រេចរាល់ភារកិច្ចដែលគណបក្សប្រគល់ជូន។
សម្រាប់វគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជានឹងជួយដល់យុវជនយើងឲ្យកាន់តែមានការយល់ដឹងថែមទៀតអំពីគណបក្ស ក៏ដូចអំពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ខ្សែរយៈចាត់តាំងរបស់គណបក្ស និងយុវជនគណបក្សព្រមទាំងជាមូលដ្ឋាននៃការដឹកនាំ ចាត់តាំង អនុវត្ត នៅតាមអង្គការចាត់តាំងបក្សនៅថ្នាក់របស់ខ្លួន។ ពិតប្រាកដណាស់ថា បើគណបក្សយើងមានជួរមន្ត្រី គ្រប់គ្រាន់ដែលមានសមត្ថភាព មានបទពិសោធន៍ការងារ និងគុណធម៌ល្អប្រពៃនៅគ្រប់ថ្នាក់ គ្រប់ផ្នែកនោះ រាល់គោលការណ៍គោលនយោបាយរបស់គណបក្សនឹងត្រូវបានអនុវត្តប្រកបដោយ ប្រសិទ្ធភាព ហើយប្រជាជននឹងកាន់តែមានជំនឿលើការដឹកនាំរបស់គណបក្ស និងនៅតែបន្ត គាំទ្រគណបក្សយើងជាដរាប។
នៅចុងបញ្ចប់នៃពិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានផ្តល់កិត្តិយសអញ្ជើញប្រគល់វិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជូនដល់សិក្ខាកាមទាំង១៧៤នាក់ផងដែរ៕
























































