សម្តេចតេជោ ហ៊ុន សែន ចាត់ទុកទាហានខ្មែរ ១៨នាក់ ដែលទាហានថៃលេងល្បិចចាប់យក បានពលីកម្មដើម្បីជាតិរួចហើយ


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា បញ្ហាកងទ័ពកម្ពុជា១៨រូប ដែលត្រូវបានថៃលេងល្បិចចាប់ខ្លួន ក្រោយបទឈប់បាញ់ប៉ុន្មានម៉ោង គឺសម្ដេចបានចាត់ទុកពួកគាត់ពលីកម្ម ដើម្បីជាតិស្រាប់ទៅហើយ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា តាំងពីម៉ោងដំបូងដែលគេចាប់ខ្លួនកងទ័ពកម្ពុជា១៨រូប គឺច្បាស់ណាស់ដើម្បីដោះដូរជាមួយអ្វីមួយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ បើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៥។

កន្លងទៅ ​​កង​យោធពល​​ភូមិន្ទថៃ អះអាងថា នឹ​ង​ដោះលែង​​យោធា​​​កម្ពុជា​ទាំង​​១៨រូប​​ នៅថ្ងៃទី​​​១២ ខែវិច្ឆិកា​ ឆ្នាំ​២០២៥។ ទាហា​ន​កម្ពុជា​​ ១៨នេះ គឺស្ថិតក្នុងចំនួន​២០រូប​​​ ដែលត្រូវ​បាន​​ទាហា​​នថៃ​​ចូល​មក​ចាប់ខ្លួន​ នៅ​ច្រក​អានសេះ​​​ ស្រុក​ជាប់ក្សាន្ត​ ខេត្តព្រះវិហារ​ ក្រោយ​បទ​ឈប់បាញ​ប្រកាស​ចូលជាធរមាន​ជាច្រើនម៉ោង​។

ក្រោយ​ចាប់ខ្លួន​​ទាហាន​ទាំង​ ២០​រូប នៅថ្ងៃទី​៤ ខែ​សីហា​​ ឆ្នាំ២០២៥ ភាគី​​ថៃ​​បាន​ដោះលែងយោធា​​​​ ២រូប​​​ ដោយ​មានអាការៈ​ខុស​ប្រក្រតី​ មាន​ម្នាក់ធ្លាក់​ខ្លួន​ពិការ និង​វង្វេងស្មារតី។ ប៉ុន្តែ ការដោះលែងទាហានកម្ពុជា ១៨រូបទៀត មិនទាន់មាននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានចោទសួរថា ការចាប់កងទ័ពកម្ពុជា លើដីកម្ពុជា យកទៅធ្វើចំណាប់ខ្មាំង តើច្បាប់អន្ដរជាតិនៅឯណា? សម្តេចតេជោ ក៏បានសួររកមុខអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលមិនបាននិយាយរឿងនេះ សូម្បីមួយម៉ាត់ ខណៈពេលកន្លងមក បុគ្គលគ្មានវិជ្ជាជីវៈរូបនេះ តែងតែរិះគន់រឿងសិទ្ធិមនុស្សនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារសុំទោសទៅកាន់ក្រុមគ្រួសារ និងសាច់ញាតិ វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលសម្ដេចបានចាត់ទុកថា ពួកគាត់បានពលីដើម្បីជាតិរួចបាត់ទៅហើយ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កងទ័ពកម្ពុជាទាំង១៨រូប មិនមែនជាឈ្លើយសឹកទេ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកូណាខ្ញុំគិតត្រូវណាស់ ការចាប់កងទ័ពយើងក្រោយបទឈប់បាញ់ប៉ុន្មានម៉ោង។ ខ្ញុំកូណា គិតថា ចាត់ទុកបងប្អូនពលីកម្ម ដើម្បីជាតិរួចស្រេចទៅហើយ។ គេច្បាស់ណាស់ នឹងយករឿងនេះ រឿងនោះ ទៅដោះដូរ រឿងនេះរឿងនោះ ហើយបងប្អូនទាំងនោះ ក៏ពិតជាយល់ ក្រុមគ្រួសារក៏ពិតជាយល់»

សម្តេចតេជោ បានបន្តថា «នៅលើពិភពលោក តើច្បាប់ទម្លាប់អន្តរជាតិនៅទីណាទៅ? Vitit Muntarbhorn តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលជាជនជាតិថៃ ទៅណាទៅ មិននិយាយមួយម៉ាត់សោះ? កាលមុនធ្លាប់តែនិយាយ ឥលូវអត់និយាយសោះ។ សង្គ្រាម គេតែងតែមានដោះដូរឈ្លើយសឹក តែនេះចាប់កងទ័ពយើង លើដីយើង ក្រោយបទឈប់បាញ់ យកទៅធ្វើជាចំណាប់ខ្មាំង។ សូមបងប្អូនជនរួមជាតិយោគយល់»

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៥ ជាថ្ងៃទី១១១ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ការដោះលែងយោធាខ្មែរទាំង១៨រូប គឺស្ថិត​ក្នុង​ចំណោមលក្ខខណ្ឌមួយ ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានការចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថៃ ដែលមានសាក្ស៉ីដោយប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕