សម្ដេចតេជោ ហ៊ុន សែន៖ «វិនិយោគិនបរទេសដែលផលិតទំនិញនៅកម្ពុជា ត្រូវចាត់ទុកជាផលិតផលរបស់កម្ពុជា ហើយកម្ពុជាត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ ឬរកទីផ្សារផ្សេងជំនួសផលិតផលថៃ»


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានថ្លែងថាវិនិយោគិនបរទេសដែលផលិតទំនិញនៅកម្ពុជា ត្រូវចាត់ទុកជាផលិតផលរបស់កម្ពុជា ហើយកម្ពុជាត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ ឬរកទីផ្សារផ្សេងជំនួសផលិតផលថៃ

ការថ្លែងបែបនេះរបស់សម្ដេចតេជោ បានធ្វើឡើងក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ចំពោះមុខអង្គពិធី, សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មីពីជំហររបស់កម្ពុជា គឺមិនទៅសុំឱ្យថៃបើកច្រកព្រំដែននោះទេ ព្រោះកូនសោរនៅឯភាគីថៃ ដ្បិតថាថៃបានបិទច្រកព្រំដែនជាឯកតោភាគី ដូច្នេះថៃគឺជាអ្នកបើកដោយខ្លួនឯង។

ជាមួយនឹងស្ថានភាពបែបនេះ សម្ដេចតេជោ បានថ្លែងគូសបញ្ជាក់ថា៖ «កម្ពុជាត្រូវពង្រឹងសមត្ថភាព នៃការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ ហើយត្រូវរកទីផ្សារផ្គត់ផ្គង់ជំនួសឱ្យទំនិញថៃ…ប៉ុន្តែខ្ញុំសូមនិយាយរឿងមួយ គឺកុំទៅជ្រុលហួស ជ្រុលហួសដល់វិនិយោគិនថៃមកផលិតទំនិញនៅកម្ពុជាក៏មិនព្រមដែរនោះ»

ត្រង់ចំណុចនេះ សម្ដេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា «គេមកផលិតទំនិញនៅកម្ពុជា ត្រូវចាត់ទុកថាជាទំនិញរបស់កម្ពុជា ដូចជាផលិតផល CP ជាដើម»

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ភាគីថៃ បានធ្វើការទាញទ្វារបិទព្រំដែនទាំងស្រុងជាឯកតោភាគី ដោយមិនបានជូនដំណឺងមកកាន់ភាគីកម្ពុជានោះឡើយ។ សកម្មភាពនេះ បានធ្វើឡើងក្រោយកម្ពុជា សម្រេចផ្អាកការនាំចូលអគ្គីសនី, ប្រេងឥន្ទនៈ, បន្លែ, ផ្លែឈើ ពីថៃ ដើម្បីជៀសពីការគំរាមកំហែងម្ដងហើយម្ដងទៀតរបស់រដ្ឋាភិបាលថៃ។

ចំពោះបញ្ហាបិទច្រកព្រំដែននេះ, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីជំហរកម្ពុជាជារឿយៗថា «ការអនុវត្តវិធានការបិទព្រំដែន មិនមែនចាប់ផ្តើមដោយកម្ពុជានោះឡើយ គឺថៃជាអ្នកចាប់ផ្តើម។ ថៃជាអ្នកបិទដោយឯកតោភាគី ដូច្នេះត្រូវបើកដោយខ្លួនឯង ហើយបើថៃបើកវិញ កម្ពុជាបើកវិញដែរ ក្នុងរយៈពេល ៥ម៉ោង»

យ៉ាងណាមិញ សម្រាប់វិនិយោគិនថៃ នៅក្នុងប្រទេសកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចាត់ទុកផលិតផលទាំងនោះជាផលិតផលរបស់កម្ពុជា ហើយកុំទៅជ្រុលហួសហេតុរហូតសម្លាប់សេដ្ឋកិច្ចរបស់ខ្លួនឯង។

ជាមួយគ្នានេះ សម្ដេច បានថ្លែងលើករណីរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ PTT ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុន បានផ្អាកនាំចូលប្រេងឥន្ធនៈពីប្រទេសថៃទៀតហើយ គឹនាំប្រេងពីប្រទេសិង្ហបុរី និងពីប្រទេសម៉ាឡេស៊ី។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន សំណូមពរដល់ម្ចាស់អាជីវកម្មទាំងឡាយណា ដែលមានផលិតផលស្ដុកចាស់នៅក្នុងដៃ សូមលក់ចេញឱ្យអស់ តែកុំនាំចូលស្ដុកថ្មីៗមកបន្ថែមទៀត៕