ឯកឧត្តម​ ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងធនធានទឹក និងឧតុនិយម


នាព្រឹកថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅសាលប្រជុំនៃសណ្ឋាគារភ្នំពេញ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្ដថវិកាកម្មវិធីពេញលេញចាប់តាំងពីឆ្នាំ២០១៦ មកម៉្លេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា គោលការណ៍ណែនាំដែលដាក់ឱ្យប្រើប្រាស់នាខណៈពេលនេះ គឺជាផែនទីសម្រាប់ចង្អុលបង្ហាញ និងណែនាំអំពីវិធាន និងនីតិវីធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនដល់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរទាំង២៥ រាជធានី-ខេត្ដ ព្រមទាំងគណៈកម្មាធិការជាតិទន្លេមេគង្គ និងអាជ្ញាធរទន្លេសាប ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព គណនេយ្យភាព តម្លាភាព និងចីរភាព។

សូមបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្ដជាផ្លូវការ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៤។ កម្មវិធីនេះត្រូវអនុវត្ដតាមអភិក្រមជាជំហានៗ និងចែកចេញជា ៤ ដំណាក់កាល គឺ ទី១)ភាពជឿទុកចិត្ដនៃថវិកា(២០០៥-២០០៨) ទី២)គណនេយ្យភាពហិរញ្ញវត្ថុ(២០០៩-២០១៥) ទី៣)ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ(២០១៦-២០២២) និងទី៤)គណនេយ្យភាពសមិទ្ធកម្ម (២០២៣-២០២៧)៕