តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា, លោក ឡេ ហើយជុង រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី២១របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពីថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
កិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី២១ នឹងពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី២០ ព្រមទាំងដាក់ចេញវិធានការជាក់លាក់ ដើម្បីពង្រឹង និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
កិច្ចប្រជុំនេះនឹងផ្តល់នូវសន្ទុះថ្មីដល់ទំនាក់ទំនងដ៏រឹងមាំ និងពហុវិស័យ ដោយផ្អែកលើការជឿទុកចិត្តគ្នាខ្ពស់ផ្នែកនយោបាយ រួមទាំងពង្រឹងបន្ថែមទៀតនូវស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជា លោក ឡេ ហើយជុង ក៏នឹងចូលជួបសម្តែងការគួរសម ចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាផងដែរ៕


