ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ណែនាំឱ្យភាគីពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់លើចំណុចជាគន្លឹះចំនួន៥ ទាញយកប្រយោជន៍ជាអតិបរិមាពីវិស័យឌីជីថល


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានជំរុញ និងណែនាំឱ្យភាគីពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់ និងពិភាក្សាលើចំណុចជាគន្លឹះចំនួន៥ ដើម្បីទាញយកប្រយោជន៍ជាអតិបរិមាពីវិស័យឌីជីថល ក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ឧបនាយករដ្ឋមន្រ្តី​ វង្សី វិស្សុត លើកឡើងបែបនេះ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញបើក«វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ» ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» នាថ្ងៃទី៥ ខែធ្នូ ​ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការមានប្រសាសន៍ថា មុននឹងឈានទៅដល់របៀបវារៈនៃកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ​សូមស្នើឱ្យអង្គវេទិកាលើកនេះផ្តោតការយកចិត្តទុកដាក់ លើចំណុចជាគន្លឹះមួយចំនួន ដូចខាងក្រោម៖

ទី១. ការកំណត់វិធានការគោលនយោបាយជាក់លាក់ ក្នុងការឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីទាញយកប្រយោជន៍ជាអតិបរិមាក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ព្រមទាំងគ្រប់គ្រងឱ្យបាននូវហានិភ័យដែលមានជាអាទិ៍៖ ផលប៉ះពាល់លើការងារ ការអប់រំ ឯកជនភាពទិន្នន័យ និងសន្តិសុខសាយប័រ។

ទី២. ការធ្វើសុខដុមនីយកម្មគោលនយោបាយ, បទប្បញ្ញត្តិ, ស្តង់ដារវាងប្រទេសក្នុងតំបន់ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថល ក៏ដូចជា ការពង្រឹងនូវការចែករំលែកចំណេះដឹង និងបទពិសោធ។

ទី៣. ការកំណត់ចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្រ្តជំរុញ ឬបង្កើនសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋ និងធុរជន ។

ទី៤. ការពង្រឹងយន្តការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខសាយប័រ ឧក្រិដ្ឋកម្មសាយប័រ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបង្កើតព័ត៌មានក្លែងក្លាយ ។

ទី៥. ការសហការវិនិយោគ ផ្លាស់ប្តូរបច្ចេកវិទ្យា និងអភិវឌ្ឍកម្មវិធីសុសវែរ (Digital Solutions) ដែលជាតម្រូវការរួមគ្នា ដើម្បីសន្សំសំចៃធនធាន ធានាអន្តរប្រតិបត្តិការ និងជាពិសេសសម្រួលដល់ការផ្សារភ្ជាប់ប្រទេសក្នុងតំបន់តាមរយៈលំហឌីជីថល។

ទន្ទឹមគ្នានេះ លោកលើកទឹកចិត្តឱ្យមានការចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនៈឱ្យបានផុលផុស សម្រាប់ជាទុនក្នុងការកសាងអនាគតឌីជីថលរបស់យើងរួមគ្នា។ ជាពិសេស ​សង្ឃឹមថា​ទាំងអស់គ្នានឹងយកឱកាសនេះបង្កើតបណ្តាញទំនាក់ទំនង និងកសាងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចសមិទ្ធផលបន្ថែមទៀតជូនជាតិ និងប្រជាជនរបស់ខ្លួន​៕