ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញអធិបតីប្រកាសជាផ្លូវការ នៃការដាក់ឱ្យដំណើរការថ្នាលភ្ជាប់ធុរកិច្ចថ្មីអាស៊ាន (ASEAN STARTUP CONNECT) ក្នុងអំឡុងពេលនៃ វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។
តាមរយៈការប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធថ្មីដែលមានប្រសិទ្ធភាពខ្ពស់ និងត្រូវបានរៀបចំឡើងដើម្បីផ្ដល់ជូនស្ថាបនិកនូវបណ្ដាញទំនាក់ទំនង និងក្របខណ្ឌដែលចាំបាច់ដើម្បីឆ្ពោះទៅពង្រីកអាជីវកម្មលើឆាកអន្តរជាតិ។ គំនិតផ្ដួចផ្ដើមនេះត្រូវបានគាំទ្រដោយមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន (Japanese ASEAN Integration Fund)។
ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញ ស្តីពី ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ចថ្មីអាស៊ាន ដោយ លោក Masato Yonai លេខាធិការទីពីរ នៃស្ថានទូតជប៉ុនប្រចាំអាស៊ាន និង លោក G – Galeno Chua នាយកកម្មវិធី ASEAN Startup Connect ដែលបានបង្ហាញពី តើអ្វីទៅជាភាពខុសប្លែករវាង អាជីវកម្មដែលអាចពង្រីកខ្លួនទៅទូទាំងអាស៊ាន ពីអាជីវកម្មដែលបរាជ័យ? បន្ថែមលើនេះ ក៏មានបង្ហាញពីលទ្ធផលស្រាវជ្រាវដ៏សំខាន់នៅឆ្នាំ២០២៥ ស្ដីពីការពង្រីកខ្លួនទៅឆ្លងប្រទេស និងឌីជីថលលូបនីយកម្ម ផងដែរ៕










