រដ្ឋបាលខេត្តបន្ទាយមានជ័យបាន ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទសកល «យកឈ្នះការរំខាន បរិវត្តកម្ម ឆ្លើយតបនឹងជំងឺអេដស៍»


ឯកឧត្តម ប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទសកល «យកឈ្នះការរំខាន បរិវត្តកម្ម ដើម្បីឆ្លើយតបនឹងជំងឺអេដស៍» និងដោយមានការចូលរួមពីលោក ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងមានលោក​ លោកស្រី​ ស្ថាប័ន​ពាក់ព័ន្ធ​ លោក​ លោកគ្រូ​ អ្នកគ្រូ​ សិស្ស​ និស្សិត​ កាយរឹទ្ធិ កងកម្លាំងនគរបាល នាយទាហាន បានចូលរួមប្រមាណជាង ៣០០នាក់​។

ក្នុងពិធីនោះឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នៅកម្ពុជា អស់រយៈពេល ៣២ឆ្នាំកន្លងទៅនេះ បានបង្ហាញពីឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្ពោះទៅបញ្ចប់ជំងឺអេដស៍។ ដោយឡែកនៅក្នុងឆ្នាំ២០២៥នេះ ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាឱកាសគូសបញ្ជាក់បន្ថែមទៀត ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងរួមជាសកល ជម្នះគ្រប់ឧបសគ្គដែលកើតមានឡើងដោយសារតែសង្គ្រាម ជម្លោះប្រដាប់អាវុធជាច្រើន កន្លែងនៅក្នុងពិភពលោក នៅចំពោះមុខនេះ កម្ពុជាបើទោះបីកំពុងមានការរំខានដោយសារតែស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ក៏ដោយក៏រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាមវធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តសម្រេចឲ្យបាននូវគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០៣០ ។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ដឹងទៀតថា កម្ពុជាប្តេជ្ញាបន្តខិតខំប្រឹងប្រែង សម្រេចឲ្យបានគោលដៅសកលទី១ ពោលគឺធ្វើយ៉ាងណាឲ្យអ្នក ដែលសង្ស័យថា មានផ្ទុកមេរោគអេដស៍ ឲ្យពួកគាត់បានទៅទទួលសេវាព្យាបាល បានទាន់ពេលវេលា និងទប់ស្កាត់ករណីឆ្លងថ្មីនៃមេរោគអេដស៍នេះផងដែរ ហើយកម្ពុជាបន្តពង្រឹង និងពង្រីកការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍ ជារួមនៅតាមគ្រឹះស្ថានអប់រំ សហគមន៍មូលដ្ឋាន ជាពិសេសក្នុងចំណោមយុវវ័យ ក្រុមប្រជាជនដើម្បី លើកកម្ពស់ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី បានអំណាវនាវឱ្យជនរួមជាតិទាំងអស់ចូលរួមឲ្យបានសកម្ម និងឲ្យបានទ្វេដងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយ ដើម្បីសម្រេចបានដោយជោគជ័យនៅគោលនយោបាយឆ្នាំ២០២៣-២០៣០និង គោលនយោបាយជាតិបញ្ចប់អេដស៍ និងកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០។

ឯកឧត្តម អ៊ុំ រាត្រី បន្តឲ្យដឹងទៀតថា ចំពោះក្មួយៗយុវនារី យុវជនទាំងអស់ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវផ្នត់គំនិត និងឥរិយាបថដើម្បីបង្ការខ្លួនពីការចម្លងមេរោគអេដស៍ និងដើរតួឱ្យបានសកម្មក្នុងការប្រយុទ្ធនឹងជំងឺអេដស៍តាមរយៈ សកម្មភាពមិត្តអប់រំមិត្ត ការបង្កើតក្រុមជួយខ្លួនឯង ចែករំលែកចំណេះដឹង ផ្សព្វផ្សាយព័ត៌មានថ្មីៗផងដែរ៕