សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខណៈដែលសកលលោក និងតំបន់ ក៏ដូចជាកម្ពុជា បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជាចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងអភិបាលកិច្ច និង សមត្ថភាពស្ថាប័ន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបេនះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខណៈដែលសកលលោក និងតំបន់ ក៏ដូចជាកម្ពុជា បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់, ឆ្លុះបញ្ចាំងតាមរយៈការកើនឡើងភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច, ការកើនឡើងកាន់តែខ្លាំងនៃគោលនយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្ម, ការបន្តនិន្នាការថមថយនៃកំណើនសេដ្ឋកិច្ចសកល និងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ, កម្ពុជាចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងអភិបាលកិច្ច និង សមត្ថភាពស្ថាប័ន ដើម្បីកសាងបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលស្អាតស្អំ ឆ្លាតវៃ និងមានសមត្ថភាពខ្លាំងពូកែ សម្តៅការពារមាតុភូមិ ឱ្យមានសុខសន្តិភាព ប្រកបដោយមនសិការស្នេហាជាតិ, ដោះស្រាយបញ្ហាសង្គមប្រកបដោយភាពស័ក្តិសិទ្ធ និងប្រសិទ្ធភាព និងអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់, បរិយាប័ន្ន និង ចីរភាព»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងព្រំដែនទាំងអស់ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិថ្មីនាពេលនេះ បង្ហាញអំពីសមិទ្ធផលដែលមានតម្លៃជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការរីកចម្រើនផ្នែកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម លើគ្រប់វិស័យ និង គ្រប់ទី កន្លែង សម្តៅប្រែក្លាយតំបន់ព្រំដែន ឱ្យក្លាយជា «តំបន់នៃឱកាស» សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕













































