សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងព្រំដែនទាំងអស់ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។
ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នប្រទេសកម្ពុជា និងវៀតណាម ពន្លឿនកិច្ចពិភាក្សាបញ្ចូលច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម ទៅក្នុងបញ្ជីច្រកព្រំដែនស្របតាមកិច្ចព្រមព្រៀងស្តីពីទំនិញឆ្លងកាត់ និងបញ្ចូលទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម ទៅក្នុងពិធីសារសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវគោក។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងព្រំដែនទាំងអស់ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងនាមជាប្រទេសភូមិផងជាមួយគ្នា កម្ពុជា និងវៀតណាមនឹងបន្ត រក្សាទំនាក់ទំនងមិត្តភាព ជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធនេះតទៅរៀងរហូតដល់អ្នកជំនាន់ក្រោយ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិថ្មីនាពេលនេះ បង្ហាញអំពីសមិទ្ធផលដែលមានតម្លៃជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃការរីកចម្រើនផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម លើគ្រប់វិស័យ និងគ្រប់ទីកន្លែង សំដៅប្រែក្លាយតំបន់ព្រំដែន ឱ្យក្លាយជា «តំបន់នៃឱកាស» សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕













































