សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម នាពេលនេះ បានបង្ហាញអំពីសមិទ្ធផលដែលមានតម្លៃជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃការរីកចម្រើនផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម លើគ្រប់វិស័យ និងគ្រប់ទីកន្លែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេច និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម, ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិនាថ្ងៃនេះ បង្ហាញអំពីសមិទ្ធផលដែលមានតម្លៃជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការរីកចម្រើនផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម លើគ្រប់វិស័យ និងគ្រប់ទីកន្លែង សំដៅប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយជា «តំបន់នៃឱកាស» សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា នាពេលខាងមុខនឹងមានច្រកព្រំដែនអន្តរជាតិដ៏ទៃទៀត ដែលនឹងត្រូវតម្លើងកម្រិត ឫបង្កើតថ្មីទៀត ខណៈដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានាបាននឹងកំពុងកសាង និងកែលម្អរ ដើម្បីគាំទ្រឱ្យបានកាន់តែសកកម្មដល់សកម្មភាពផលិត និងតភ្ជាប់ឱ្យបានកាន់តែប្រសើរដល់លំហូរវិនិយោគ សម្រាប់វិនិយោគិន ធុរជន កសិផល និងអ្នកដំណើរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយជឿជាក់ថា ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា, កម្ពុជា និងវៀតណាម នឹងបន្តរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះតរៀងរហូតដល់អ្នកជំនាន់ក្រោយ៕













































