ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះយោធាថៃ ដែលការបង្កហេតុសារជាថ្មី បាញ់ប្រហារលើតំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌ ពិភពលោកប្រាសាទព្រះវិហារ ដោយបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ ក្នុងពេលមានជម្លោះប្រដាប់អាវុធ។

ក្នុងសេចក្ដីថ្លែងការណ៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៥៖០០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើ ទឹកដីកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ និងទីតាំងផ្សេងទៀតតាម បណ្តោយព្រំដែន ដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន។

រហូតដល់ម៉ោង៧៖០០នាទីព្រឹកថ្ងៃដដែល ការវាយប្រហារដោយ យោធាថៃបានបន្តមកដល់តំបន់ជុំវិញ និងទីតាំងផ្ទាល់ប្រាសាទព្រះវិហារ ដោយបានបំផ្លាញអគារអភិរក្ស របស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី៥ និង ហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀត។

ចាប់តាំងពីប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ភាគីថៃ បានបង្កើតលេស និងបង្កជម្លោះប្រដាប់អាវុធ នៅតំបន់ប្រាសាទព្រះវិហារជាច្រើនលើកច្រើនសារ នៅចន្លោះឆ្នាំ២០០៨ និង ឆ្នាំ២០១១ ព្រមទាំងបានបង្កជម្លោះសារជាថ្មីនៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។

ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាពបង្កហេតុជាច្រើន រាប់មិនអស់ និងជាច្រើនថ្ងៃមកហើយ ជាពិសេសឧបទ្ទវហេតុកាលពីថ្ងៃម្សិលម៉ិញ នៅចំណុចព្រលានថ្ម ក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងចេតនាញុះញង់ឱ្យមានការប៉ះទង្គិចគ្នា ជាមួយបំណងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្កោលទោសចំពោះការបង្កហេតុសារជាថ្មីម្តងទៀត នៅតំបន់ប្រាសាទព្រះវិហារ ដែលបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែង អភិរក្សប្រាសាទព្រះវិហារ និងការជម្លៀសមន្ត្រី បុគ្គលិក ឆ្មាំ ពលករ របស់អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងតំបន់ទៅកាន់ទីកន្លែងសុវត្ថិភាព។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខា ដោយនាយកដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្រោមការសម្របសម្រួល និងធ្វើជាសាក្សី ដោយលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវភាគីថៃឱ្យបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយងាកមកគោរពកិច្ចព្រមព្រៀម បទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌ ពិភពលោកប្រាសាទព្រះវិហារ ដោយបន្តរំលោភបំពាន យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដែលរដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះត្រូវគោរពយ៉ាងម៉ឺងម៉ាត់បំផុត ហើយទាមទារឱ្យថែទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ៕