កម្ពុជាដាក់ញត្តិបន្ទាន់ ទៅឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថាប័នអន្តរជាតិផ្សេងទៀត ស្នើឱ្យថ្កោលទោស​ និងជំរុញឱ្យថៃបញ្ឈប់អំពើឈ្លានពានកម្ពុជា


(ភ្នំពេញ)៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា​ ខ្លួនបានដាក់ញត្តិបន្ទាន់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ, ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក, ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ស្នើឱ្យស្ថាប័នទាំងនោះ ថ្កោលទោសចំពោះអំពើរបស់យោធាថៃ និងជំរុញឱ្យថៃបញ្ឈប់អំពើឈ្លានពានកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា កងកម្លាំងយោធាថៃបានបន្តការឈ្លានពាន មកលើប្រទេសកម្ពុជានៅខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដោយប្រើអាវុធធនធ្ងន់ យន្តហោះចម្បាំង F-16 និងផ្សែងពុល បង្កឲ្យមានមនុស្សរបួស និងស្លាប់ បំផ្លាញផ្ទះសម្បែង ប្រាសាទ មណ្ឌលសុខភាព និងសាលារៀនជាច្រើនត្រូវបានបិទ ហើយប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវភៀសខ្លួន។

អំពើឈ្លានពាននេះជាការរំលោភច្បាប់សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិ រួមទាំង បំពានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរវាងកម្ពុជានិងថៃ ក្នុងវត្តមានសាក្សីពីប្រធានាធិបតីសហ រដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

នៅក្នុងញត្តិបន្ទាន់នោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវ និងលើកសំណើមួយចំនួនដូចខាងក្រោម៖
* ចេញញត្តិថ្កោលទោសចំពោះអំពើរបស់យោធាថៃ។
* ធ្វើការស៊ើបអង្កេត ឬវាយតម្លៃ ដោយឯករាជ្យមិនលម្អៀង ចំពោះស្ថានភាពសិទ្ធិមនុស្ស ដែលរួមបញ្ចូលទាំងផលប៉ះពាល់ដល់ប្រជាជន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងជនភៀសសឹក។
* ទាក់ទងផ្ទាល់ទៅរដ្ឋាភិបាលប្រទេសថៃ ឱ្យបញ្ឈប់អំពើឈ្លានពាន។
* ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ក្នុងការតាមដាន ប្រមូលឯកសារ និងរាយការណ៍ លើការរំលោភសិទ្ធិមនុស្ស ជាពិសេសការប្រើប្រាស់ផ្សែងពុល និងកម្លាំងយោធាមកលើប្រជាជន។
* ឱ្យប្រទេសថៃសហការឱ្យបានពេញលេញជាមួយនឹងយន្តការអន្តរជាតិ ជាពិសេសការស៊ើបអង្កេត និងការទទួលខុសត្រូវ ចំពោះការរំលោភបំពានច្បាប់អន្តរជាតិ។
* គាំទ្រជំនួយមនុស្សធម៌ ចំពោះប្រជាជនរងគ្រោះ ជាពិសេសជនភៀសសឹក និងជនរងរបួសពីការវាយប្រហារ។
* លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេសពាក់ព័ន្ធនានា។
* ឱ្យប្រទេសថៃដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិមនុស្សអន្តរជាតិ និងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យប្រទេសថៃ ទទួលខុសត្រូវទាំងស្រុង និងចាត់វិធានការជាបន្ទាន់ ដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះ និងការការពារជនស៊ីវិលទាំងអស់នៅតាមព្រំដែន កម្ពុជា-ថៃ៕