(ភ្នំពេញ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាក្សត្រី បានអញ្ជើញប្រគល់ព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ១០០ពាន់ដុល្លារអាមេរិក ដែលជាព្រះរាជូបត្ថម្ថដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនកាកបាទក្រហមកម្ពុជា ដែលទទួលដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល ព្រះរាជតំណាង បានជម្រាបជូនអំពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ ពីអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យ នឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យស្រឡាញ់ដ៏ជ្រាលជ្រៅ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជាគ្រប់រូប ។
សម្តេចមហាមន្ត្រី គុយ សុផល ព្រះរាជតំណាង បានជម្រាបជូនអំពីព្រះរាជហឬទ័យនឹករលឹកដ៏ជ្រាលជ្រៅ និងព្រះរាជហឬទ័យទុកដាក់ ព្រួយបារម្ភអំពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជារាស្ត្រភៀសសឹកជាកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលកំពុងជួបប្រទះនូវការលំបាក ដោយសារទង្វើដ៏អមនុស្សធម៌របស់យោធាថៃ ដែលបាននឹងកំពុងឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជា ឥតស្រាកស្រាន្ត។
ក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល បានជម្រាបជូនថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហទ័យប្រោសព្រះរាជទានពរជ័យសិរីមង្គលជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពជា សូមបានប្រកបនូវសុខភាពល្អ និងងទទួលបាននូវមហាជោគជ័យយ៉ាងធំធេងថែមទៀត ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិ មាតុភូមិយើង និងសូមឲ្យប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ ទទួលបាននូវសុខសុវត្ថិភាពពេញបរិបូរណ៍។
លោកជំទាវ ពុំ ចន្ទីនី ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកក្រហមកម្ពុជា មានសេចក្តីរំភើបរីករាយក្រៃលែង និងសូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ឧត្តុងឧត្តមនេះ ដើម្បីកាកបាទក្រហមកម្ពុជា យកទៅចែកជូនដល់បងប្អូនប្រជារាស្ត្រភៀសសឹក ដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
លោកជំទាវ ពុំ ចន្ទីនី ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាកបាទក្រហមកម្ពុជា បានថ្វាយព្រះសព្ទសាធុកាពរដ៏បវរមហាមង្គល ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ ប្រការ ព្រះរាជសុខុមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាង រយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្បូរថ្កុំថ្កើងដល់កូនចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕



