(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអឺរ៉ុប និងការបរទេសរបស់បារាំង បានចេញសេចក្តីថ្លែងការណ៍ដោយសម្តែងការព្រួយបារម្ភ ភាពតានតឹងដែលកើតមានឡើងសាជាថ្មីរវាង ប្រទេសកម្ពុជា និងប្រទេសថៃ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ប្រទេសបារំាងមានការព្រួយបារម្ភចំពោះភាពតានតឹងដែលកើតមានឡើងជាសាថ្មីរវាងប្រទេសថៃ និងប្រទេសកម្ពុជា ហើយដែលបង្កឱ្យមានជនរងគ្រោះថ្មីៗ។ ប្រទេសបារំាងអំពាវនាវឱ្យមានការគោរពពេញលេញ និងការអនុវត្តជាក់ស្តែងនូវបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ។
ប្រទេសបារំាងបញ្ជាក់សាជាថ្មីនូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សម្របសម្រួលធ្វើឡើងដោយអាស៊ាន ជាពិសេសដោយលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥។
ប្រទេសបារំាងជឿជាក់ថា មាគ៌ាតែមួយគត់ដើម្បីដោះស្រាយជម្លោះប្រកបដោយចីរភាព និងសន្តិវិធី គឺធ្វើឡើងតាមរយៈការបន្តកិច្ចសន្ទនាឡើងវិញ ការគោរពច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តនានាដែលប្រទេសទាំងពីរបានធ្វើឡើងជាមួយដៃគូអាស៊ាន៕

