ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឆ្លៀតប្រាប់អ្នកសារព័ត៌មានបរទេសជាច្រើនរូប ដែលបានចូលរួម ក្នុងពិធីសម្ពោធកម្មវិធីប្រគល់រង្វាន់ព័ត៌មានទូស្សន៍សកលខាងត្បូង (Global South Video News Awards) នៅរាជធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) អំពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៨ មកដល់ថ្ងៃនេះ។
ឯកឧត្តមបណ្ឌិត ឆាយ សុផល បានបន្តសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ព្រមទាំងសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ អំពីការបាញ់ប្រហារទាំងកម្រោលចូលក្នុងដែនអធិបតេយ្យភាពកម្ពុជា ពីសំណាក់យោធាថៃ ដែលបានប្រើអាវុធតូចធំគ្រប់ប្រភេទ និងបាញ់ផ្សែងពុល រួមទាំងយន្តហោះ F-16 ទម្លាក់គ្រាប់បែកផង ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជា យ៉ាងហោចណាស់ចំនួន ៧នាក់បានស្លាប់ និង២០នាក់ទៀតរងរបួស ខណៈរាប់ម៉ឺនគ្រួសារកំពុងក្លាយជាជនភៀសសឹក រត់ចេញពីផ្ទះសម្បែងនៅជិតព្រំដែនថៃ។
សូមបញ្ជាក់ថា ក្នុងនាមក្រសួងព័ត៌មានឯកឧត្តមបណ្ឌិត ឆាយ សុផល បានចូលរួមពិធីសម្ពោធ កម្មវិធីប្រគល់រង្វាន់ព័ត៌មាន ទូស្សន៍សកលខាងត្បូង (Global South Video News Awards) នៅរាជធានី Abu Dhabi ចំនួន៣ថ្ងៃ គឺនៅថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥ ដែលមានអ្នកសារព័ត៌មានរាប់ពាន់នាក់ មកពីជុំវិញពិភពលោក៕




