ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅតាមបណ្តាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
កិច្ចប្រជុំនេះ ដោយមានការចូលរួមពី កងកម្លាំងទាំង៣ប្រភេទ ប្រធានមន្ទីរ អង្គភាព អភិបាលស្រុក មេឃុំ កិច្ចប្រជុំនេះធ្វើឡើងនៅបរិវេណសាលាស្រុកសំពៅលូន សាលាស្រុកកំរៀង និងសាលាស្រុកសំឡូត។ កិច្ចប្រជុំនេះ គោលបំណងដើម្បីពង្រឹងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីគ្រប់គ្រងស្ថានភាព និងរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ បានណែនាំដល់រដ្ឋបាលស្រុកជាប់ព្រំដែន អំពីការត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីកន្លែងសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច ក្នុងករណីមានបញ្ហាប្រឈមកើតឡើង។
ឯកឧត្តម សុខ លូ ណែនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ ព្យាយាមក្តាប់ព័ត៌មានពិតទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ លើបណ្តាញសង្គម ក្នុងខេត្តបាត់ដំបង នាំឱ្យពលរដ្ឋភាន់ច្រឡំ និងមានការភ័យខ្លាច ដើម្បីបញ្ចៀសភាពចលាចលផ្សេងៗ។
ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ស្រុកទាំង៤ នៃខេត្តបាត់ដំបងជាប់ព្រំដែនថៃ មានសភាពស្ងប់ស្ងាត់ធម្មតា។
សូមជម្រាបថា កងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជានៅយោធភូមិភាគទី៤ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ខណៈកងកម្លាំងកម្ពុជា បាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។
កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕
































