រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្កើតមណ្ឌលសុវត្ថិភាព ៣៩ទីតាំង សម្រាប់ពលរដ្ឋភៀសខ្លួន ដែលមានការកើនឡើងជាបន្តបន្ទាប់


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតមកយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបានបង្កើតមណ្ឌលសុវត្ថិភាពជាច្រើនជាទីតាំងបន្ថែមទៀត រហូតដល់ ៣៩ទីតាំង សម្រាប់បងប្អូនប្រជាពលរដ្ឋភៀសខ្លួន ដែលមានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមាននៅក្រុងសិរីសោភ័ណ និងនៅស្រុកមង្គលបូរី ដែលជាទីតាំងធំៗ សម្រាប់ជនភៀសសឹកស្នាក់នៅបណ្តោះអាសន្ន។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងយោធាថៃបើកការបាញ់ប្រហារនៅថ្ងៃទី០៨ និងទី០៩ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបាញ់ផ្លោងអាវុធយុទ្ធោបករណ៍ធុនធ្ងន់ចូលមូលដ្ឋានប្រជាពលរដ្ឋស៊ីវិលជាច្រើនភូមិក្នុងស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក។

សកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ ដោយបាញ់ចូលទីប្រជុំជន ដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ និងនៅសាលារៀន៕