ថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ចាន់ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំកិច្ចប្រជុំស្ដីពីការងារបច្ចេកទេស អនុវត្តន៍គម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់(CAISAR) ជាមួយលោកស្រី Xiaolan Wang ប្រធានប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងលោកបណ្ឌិត Rajesh Yadav ដោយមានការចូលរួមពីតំណាង IFAD, GCF ព្រមទាំងមន្ត្រីជំនាញជាច្រើនរូប ។
ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា កិច្ចប្រជុំដ៏មានសារៈសំខាន់នេះគឺដើម្បីរៀបចំផែនការអនុវត្តន៍លទ្ធកម្ម ការងារហិរញ្ញវត្ថុ ផលប៉ះពាល់បរិស្ថាននិងសង្គម រចនាសម្ព័ន្ធគ្រប់គ្រង ជាដើម។ ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ចាក់បន្ថែមថា ក្រសួងបាននិងកំពុងខិតខំប្រឹងប្រែងបំពេញតាមលក្ខខណ្ឌរបស់ដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ដ្រឱ្យមានលក្ខណៈទំនើបកម្ម និងគ្រប់ជ្រុងជ្រោយដើម្បីបម្រើដល់ផលប្រយោជន៍របស់បងប្អូនប្រជាកសិករ និងដើម្បីបញ្ចៀសទឹកជំនន់នៅតាមបណ្ដាខេត្តអនុវត្តន៍គម្រោង៕


