ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ២៣៧ អនក្រ.បក ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានដោយផ្ទាល់ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយឡែកមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត ZOOM នៅទីស្ដីការក្រសួង។
នាឱកាសនេះដែរ លោក បាន បូរ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអាននូវខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ ជូនដល់អង្គពិធីទាំងមូល។ បន្ទាប់មក អង្គពិធីក៏មានការលើកជាសំណួរ និងការបកស្រាយ ដើម្បីជាការបញ្ជាក់ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត បានយល់ដឹងកាន់តែច្បាស់សម្រាប់ការអនុវត្តឱ្យទទួលបានជោគជ័យ។
ក្នុងពិធីដ៏វិសែសវិសាលនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងបានបញ្ជាក់ជូនថាអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្តី ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ។ អនុក្រឹត្យថ្មីនេះ គឺជាឧបករណ៍ផ្លូវច្បាប់ក្នុងការអនុវត្តតួនាទី និងភារកិច្ចលើការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជា ស្របតាមចក្ខុវិស័យ គោលបំណងគោលដៅ និងយុទ្ធសាស្ត្រ ដូចមានចែងក្នុងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥។
ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថា នៅក្នុងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាព។ ភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈកាន់តែមានសារៈសំខាន់ ដែលត្រូវតែបន្តយកចិត្តទុកដាក់លើសពីនីតិកាលមុនៗ។
ជាថ្មីម្ដងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមុខងារសាធារណៈ ដែលបានគាំទ្រ និងអនុម័តដាក់ឱ្យអនុវត្តផ្លូវការនូវអនុក្រិត្យនេះ និងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំអនុក្រឹត្យ រហូតសម្រេចបានជោគជ័យនិងទទួលបានការអនុម័តពីរាជរដ្ឋាភិបាល ប្រកបដោយស្មារតីសាមគ្គីភាពល្អ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដើម្បីជំរុញឱ្យការអនុវត្តអនុក្រឹត្យនេះ ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព គណនេយ្យភាព និងស័ក្ដិសិទ្ធិភាព ៕
















