ក្រសួងការបរទេស៖ កម្ពុជាថ្កោលទោសចំពោះការបាញ់សម្លាប់ នៅឆ្នេរ Bondi ក្នុងទីក្រុង Sydney


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្ដីថ្លែងការណ៍ ស្តីពីការវាយប្រហារភេរវកម្ម នៅឆ្នេរ Bondi ប្រទេសអូស្ត្រាលី
កម្ពុជាមានការតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងចំពោះការបាញ់សម្លាប់ នៅឆ្នេរ Bondi ក្នុងទីក្រុង Sydney រដ្ឋ New South Wales ប្រទេសអូស្ត្រាលី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ មានខ្លឹមសារយ៉ាងដូច្នេះថា៖ ​

«យើងសូមសម្តែងនូវសមានចិត្តអាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះជនរងគ្រោះ ក្រុមគ្រួសារ និងអ្នកដែលរងផលប៉ះពាល់ដោយសោកនាដកម្មនៃការវាយ ប្រហារភេរវកម្មនេះ។ យើងត្រៀមខ្លួនក្នុងស្មារតីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងគ្រាដ៏លំបាកនេះ ហើយសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការប្រឆាំងអំពើហិង្សា និងភាព ជ្រុលនិយមគ្រប់ទម្រង់។

កម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សានេះ ដែលបណ្តាលឱ្យបាត់បង់ ជីវិតមនុស្សស្លូតត្រង់។ អំពើភេរវកម្មបែបនេះ គឺមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបាន ហើយផ្ទុយនឹងគោលការណ៍សន្តិភាព មនុស្សជាតិ និងសន្តិសហវិជ្ជមាន»