ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា នៅពេលនេះថៃកំពុងធ្វើសង្គ្រាមពីរជាមួយកម្ពុជា ក្នុងនោះគឺសង្គ្រាមប្រដាប់អាវុធ និងសង្គ្រាមចិត្តសាស្ដ្រ ហើយពលរដ្ឋខ្មែរបានដឹងពីសង្គ្រាមចិត្តសាស្ត្ររបស់ថៃ ដោយនាំគ្នាវាយបកបានយ៉ាងល្អ។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយកងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» ។
ឯកឧត្តម ប៉ែន បូណា បានអះអាងបែបនេះ សង្រ្គាមដែលថៃបានធ្វើមកលើកម្ពុជាយើងមាន២ រួមមាន៖
ទី១៖ សង្គ្រាមប្រដាប់អាវុធដែលបានជ្រាបទាំងអស់គ្នាហើយថា ពួកគេបានប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទមានទាំងកាំភ្លើងធំ យន្តហោះទម្លាក់គ្រាប់បែក និងដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម បាញ់ផ្សែងពុលសព្វបែបយ៉ាងដែលបាញ់មកលើប្រទេសជាតិ កងទ័ព និងពលរដ្ឋកម្ពុជា។
សង្គ្រាមចិត្តសាស្ត្រ គឺមានគ្រោះថ្នាក់ដែរ បើមិនរវល់និងមិនបានប្រយ័ត្នប្រយែងទេ គឺថៃមានគោលដៅបំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព ប្រជាពលរដ្ឋ ហើយមានចរិកញុះញង់ឱ្យបែកសាមគ្គីភាពរវាងពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ។ ក្នុងសង្គ្រាមចិត្តសាស្ត្រនេះ គឺសត្រូវរបស់កម្ពុជា ប្រើប្រាស់បណ្ដាញសង្គមដោយបង្កើតអាខោនក្លែងក្លាយ និងប្រើប្រាស់ជាអក្សរខ្មែរ ឈ្មោះខ្មែរ ជាមួយសម្លៀកបំពាក់យោធាកម្ពុជា និងបន្លំជាកងទ័ព ដើម្បីបង្ហោះថាកម្ពុជាចាញ់។
ម្យ៉ាងទៀត គេប្រើប្រាស់បណ្ដាញព័ត៌មានផ្លូវការរបស់ថៃទាំងអស់ ដើម្បីផ្សាយព័ត៌មានក្លែងក្លាយពីចំនួនកងទ័ពកម្ពុជា ដែលបានស្លាប់ឲ្យពលរដ្ឋរបស់យើងបាក់ទឹកចិត្ត។ នេះជាការភូតកុហក និងជាយុទ្ធសាស្ត្ររបស់ថៃ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលរបស់ថៃបានកុហកបោកប្រាស់ និងផ្សាយកុហកពលរដ្ឋខ្លួនឯងផងដែរ។ ប៉ុន្តែក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា សូមកោតសរសើរពលរដ្ឋខ្មែរដែលយល់ថា នេះជាសង្រ្គាមយុទ្ធសាស្រ្តរបស់ថៃ និងឆ្លើយតបទៅក្នុងសង្គ្រាមចិត្តសាស្រ្តនេះ តាមបណ្ដាញសង្គមវិញ និងចេះការពារសេចក្ដីថ្លៃថ្នូររបស់ប្រទេសបានយ៉ាងល្អប្រពៃ ដែលនេះគឺជាមោទនភាពមួយរបស់កម្ពុជា។
ក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា បានអំពាវនាវឲ្យពលរដ្ឋខ្មែរចេះជួយគ្នា ស្រាក់ដៃគ្នា និងមានជំនឿចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងលើកងទ័ពរបស់ជាតិយើង៕


