ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ប្រកាសផ្តល់អត្ថប្រយោជន៍បន្ថែមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចុះឈ្មោះ ខណៈក្នុងរយៈពេល១ឆ្នាំនេះ មានអ្នកចុះឈ្មោះជាង២០ម៉ឺននាក់


ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសផ្តល់អត្ថប្រយោជន៍បន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចុះឈ្មោះ និងស្នើឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចុះឈ្មោះឱ្យបានគ្រប់គ្នា ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្មារតីស្នេហាជាតិ។

គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យស្នើសុំជាង ២៥០.០០០ ទូទាំងប្រទេស។ ខេត្តកំពង់ចាមជាប់ចំណាត់ថ្នាក់លេខបី បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាមួយនឹងការចុះឈ្មោះប្រមាណ ១៩.០០០ នាក់។

ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តកំពង់ចាមដែលមានអ្នកចូលរួមជាង៣ពាន់នាក់ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលចង់ឃើញការកែលម្អពិតប្រាកដលើជំនាញវិជ្ជាជីវៈ ផលិតភាព និងគុណភាព ជាពិសេសសម្រាប់ខេត្តកំពង់ចាម ដែលជាខេត្តមានសក្តានុពលច្រើនខាងកែច្នៃ ផលិត និងការច្នៃប្រឌិតថ្មីៗ។

ឯកឧត្តមបានលើកឡើងថា«ខណៈដែលប្រទេសយើងកំពុងត្រូវបានគេឈ្លានពាន ស្មារតីស្នេហាជាតិក៏មានន័យថា ការជួយអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងរឹងមាំ។ ការពង្រឹងជំនាញ និងគុណភាពផលិតផលរបស់យើង ក៏ជាទម្រង់មួយនៃការស្នេហាជាតិដែរ។ ដើម្បីឱ្យប្រទេសជាតិយើងខ្លាំងបាន យើងជាបុគ្គលម្នាក់ៗត្រូវតែខ្លាំង អាជីវកម្មត្រូវតែខ្លាំង ខេត្តនីមួយៗត្រូវខ្លាំង។”

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា«ខេត្តកំពង់ចាមបានបង្កើតគណៈកម្មាធិការថ្នាក់ខេត្ត និងស្រុក ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងការចុះឈ្មោះ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការពិនិត្យតាមដាន និងការរាយការណ៍ជាប្រចាំ»
ការចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការទទួលបានអត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។

អត្ថប្រយោជន៍ទាំងនេះកំពុងត្រូវបានពង្រីកជាបន្តបន្ទាប់ តាមរយៈភាពជាដៃគូជាមួយស្ថាប័នសាធារណៈ និងឯកជន។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife និងក្រុមហ៊ុន Phillip Capital Group ថ្មីៗនេះ បានចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្តល់សេវាធានារ៉ាប់រង និងការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឥតគិតថ្លៃ។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ក៏ផ្តល់បណ្ណជំនួយថវិកាសម្រាប់ការចាប់យកដំណោះស្រាយឌីជីថល ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់សហគ្រាស ខណៈដែលមូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍ ដើម្បីគាំទ្រការបណ្តុះបណ្តាល និងការបង្កើនជំនាញសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ៕