លោក ហោ បុណ្ណាវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំសម្ភារជាស្បៀងអាហារ ផ្ដល់ជូនរដ្ឋបាលខេត្តតាកែវ ដើម្បីយកទៅផ្ដល់បន្តជូនជូនវីរកងទ័ពនៅសមរភូមិមុខ និងជនភៀសសឹកដោយការឈ្លានពានរបស់កងទ័ពសៀម។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានធ្វើការថ្លែងអំណរគុណចំពោះមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តតាកែវ ដែលបានចូលរួមចំណែកឧបត្ថម្ភ ដល់រដ្ឋបាលខេត្ត ជាសម្ភារដើម្បីយកទៅផ្ដល់ជូនវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយពួកទាហានសៀមឈ្លានពាន និងជួយដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្ថិភាព។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្ដថា ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា សម្ភារ និងស្បៀងអាហារ ដែលមន្ត្រីរាជការមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ បានចូលរួមចំណែកឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្តតាកែវ ដើម្បីផ្ដល់ជូនបងវីរកងទ័ព និងជនភៀសសឹក រួមមាន អង្ករចំនួន២តោន, ទឹកបរិសុទ្ធចំនួន៣០កេស, ទឹកត្រីចំនួន៣១យួរ, អំបិលចំនួន១៤០គីឡូក្រាម និងស្ករសចំនួន២១គីឡូក្រាម៕



