នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ ផ្តល់កម្លាំងចិត្ត និងនាំយកថវិកា សម្ភារៈ ឧបត្ថម្ភដល់វីរកងកម្លាំងនគរបាលជាតិ ដែលបានរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ពីសង្គ្រាមឈ្លានពានរបស់ទាហានថៃ ហើយកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ ស ថេត បាននាំនូវសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនដល់វីរកងកម្លាំងនគរបាលជាតិ និងសូមជូពរឲ្យឆាប់បានជាសះស្បើយពីរបួស។
នាយឧត្ដមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ ក៏ដូចជាជីវភាពរស់នៅរបស់កងកម្លាំងនគរបាលជាតិ នៅទូទាំងប្រទេស។
ក្នុងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់សាច់ស្រស់ ឈាមស្រស់ របស់កងកម្លាំងយើង ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដែលការលះបង់ដ៏ធំធេងនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំ និងដឹងគុណជានិច្ចមិនអាចបំភ្លេចបាន។
ដើម្បីជាការលើកទឹកចិត្ត នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម្ភដល់វីរកងកម្លាំងនគរបាលជាតិ ចំនួន៤នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ២លានរៀល និងទឹកត្រចៀកកាំម្នាក់ ១កន្ត្រក។
ជាមួយគ្នានេះ តាមរយៈនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ញ៉ែម សាខន ស ខេង ក៏បានឧបត្ថម្ភថវិកាដល់វីរកងកម្លាំងនគរបាលជាតិ ក្នុងម្នាក់ៗទទួលបាន ២លាន ៥សែនរៀល និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា ឧបត្ថម្ភថវិកាដល់វីរកងកម្លាំងនគរបាលជាតិ ក្នុងម្នាក់ៗទទួលបាន ២លាន ៥សែនរៀល។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានឧបត្ថម្ភថវិកា ដល់ក្រុមគ្រូពេទ្យប្រចាំការចំនួន ៤លានរៀលផងដែរ៕
























