ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ក្នុងខណៈដែលកម្ពុជាកំពុងរងការឈ្លានពានពីថៃ ត្រូវនាំគ្នាប្តេជ្ញាប្រែក្លាយការឈឺចាប់របស់យើង ទៅជាកម្លាំងស្នូលរបស់ជាតិ តាមរយៈការពង្រឹងការផលិតឱ្យកាន់តែខ្លាំងជាងមុន ដើម្បីជួយដល់សេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំង ដែលជាផ្នែកមួយជួយដល់ការការពារបូរណភាពទឹកដី។
ថ្លែងអ្នកទៅកាន់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង៣ពាន់នាក់ ក្នុងខេត្តកំពង់ចាម ក្នុងយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៥ ឯកឧត្តមបានគូសបញ្ជាក់បន្តថា«ការជួបជុំគ្នានៅថ្ងៃនេះ នឹងធ្វើឱ្យស្មារតីបងប្អូននឹងនរ ជឿជាក់លើរដ្ឋាភិបាល ជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវធិបតី។ សង្រ្គាមកើតឡើងនៅទល់ដែនក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នានៅទីនេះត្រូវខិតខំកសាង នូវសេដ្ឋកិច្ចរបស់យើង ខិតខំពង្រីក ដើម្បីជួលបងប្អូនយើងដែលត្រឡប់ពីថៃមកវិញ ម្នាក់ជួលបានតែ១ ឬ២នាក់ថែម ក៏យើងអាចជួលបានរាប់ម៉ឺន រាប់ពាន់បានដែរ»។
ឯកឧត្តមមានប្រសាសន៍ថា ខណៈដែលប្រទេសជាតិកំពុងត្រូវបានគេឈ្លានពាន ស្មារតីស្នេហាជាតិ គឺមានន័យថា ការជួយអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងរឹងមាំ។ ការពង្រឹងជំនាញ និងគុណភាពផលិតផលរបស់ខ្លួន ក៏ជាទម្រង់មួយនៃការស្នេហាជាតិដែរ។
ឯកឧត្តមបន្ថែមថា «ដើម្បីឱ្យប្រទេសជាតិយើងខ្លាំងបាន យើងជាបុគ្គលម្នាក់ៗត្រូវតែខ្លាំង អាជីវកម្មត្រូវតែខ្លាំង ខេត្តនីមួយៗត្រូវខ្លាំង»។
ជាមួយគ្នានេះ ឯកឧត្តម ស្នើដល់អាជ្ញាធរខេត្ត និងមន្ទីរឧស្សាហកម្មទាំងអស់ ជួយសម្រួលនិតិវិធី និងផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មទាំងអស់ ក្នុងការប្រកបអាជីវកម្ម៕















