ឯកឧត្តម អ៊ក គឹមសាន អភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកគ្រប់គ្រងមណ្ឌលវត្ថិភាពជនភៀសសឹកវត្តពើងព្រះគោ ក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងសប្បុរសជន ចែកអំណោយជូនដល់ប្រជាពលរដ្ឋភៀសសឹក ចំនួន១៤១៤គ្រួសារ ស្មើរនឹង ៥៦៧៦នាក់។
នៅក្នុងឱកាសនោះឯកឧត្តម អ៊ុក គឹមសាន បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅ របស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ពិសេសក្នុងកាលៈទេសៈជម្លោះនៅតាមព្រំដែន ដែលកងទ័ពសៀមឈ្លានពានបានបាញ់ មកលើទឹកដីកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែន ពិសេសក្នុងស្រុកជាំក្សាន្ត មានការភ័យខ្លាចករត់រកកន្លែងសុវត្ថិភាពនានាក្នុងខេត្តព្រះវិហារ និងតាមបណ្តាលខេត្តឆ្ងាយៗមួយចំនួនទៀត។
ឯកឧត្តម អ៊ុក គឹមសាន ថ្លែងទៀតថា សម្រាប់ខេត្តព្រះវិហារ ក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានរៀបចំមណ្ឌលសុវត្ថិភាពចំនួន៨ទីតាំងសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ដោយឡែកនៅតាមមណ្ឌល សុវត្ថិភាពនីមួយៗ លោកបានណែនាំអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ទទួលប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពិសេសលើសន្តិសុខសណ្តាប់ធ្នាប់ កន្លែងស្នាក់នៅ ចំពោះការឧបត្ថម្ភផ្សេងៗទាំងសម្រាភរៈប្រើប្រាស់ និងស្បៀង នឹងរៀបចំចែកជូនជាបន្តបន្ទាប់។
ឯកឧត្តមអភិបាលរងខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរស់ជន ជិត ឆ្ងាយ គ្រប់ទិសទី ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយរដ្ឋបាលខេត្តព្រះវិហារ នាំស្បៀង សម្ភារប្រើប្រាស់ចាំបាច់នានា មកចែកជូនប្រជាពលរដ្ឋភៀសសឹកយើងជាបន្តបន្ទាប់ ក្នុងស្មារតី «ខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ»។
ឯកឧត្តម អ៊ុក គឹមសាន បានថ្លែងប្រាប់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមមានការជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើអាជ្ញាធរដែនដី ហើយអ្វីដែលបងប្អូនភៀសសឹកយើងត្រូវយកចិត្តទុកដាក់បំផុតនោះ គឺត្រូវថែរក្សាសុខភាព ខ្លួនឯង ក្រុមគ្រួសារឱ្យបានល្អ។ ពិសេសសូមចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន កន្លែងរស់នៅឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ៕



















