នាព្រឹកថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិស គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់បវេល ក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ដែលស្ថិតលើដងស្ទឹងមង្គលបូរី ក្នុងភូមិសាស្ត្រស្រុកបវេល និងស្រុកថ្មគោល មានចម្ងាយប្រមាណ ៥៦គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់បវេល ខេត្តបាត់ដំបង មានរយៈពេល ៥៤ខែ ដោយចាប់ផ្តើមក្នុងឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៩ ដែលការអនុវត្តចែកចេញជាពីរដំណាក់កាល រួមមាន ការសិក្សាគ្រោងប្លង់លម្អិតមានរយៈពេល ១៨ខែ និងការសាងសង់មានរយៈពេល ៣៦ខែ។ គោលបំណងសំខាន់របស់គម្រោងគឺ ១)ការកាត់បន្ថយការខូចខាតដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត តាមរយៈការកែលម្អប្រឡាយ និងរចនាសម្ព័ន្ធដែលមានស្រាប់ ២)ការបង្កើនផលិតកម្មស្រូវនៅក្នុងតំបន់គម្រោង តាមរយៈការផ្គត់ផ្គង់ទឹកស្រោចស្រពដែលមានស្ថេរភាព និង ៣)ការបង្កើនប្រាក់ចំណូលកសិកម្មសម្រាប់កសិករក្នុងស្រុក និងការចូលរួមចំណែកដល់សេដ្ឋកិច្ចក្នុងតំបន់។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានរបស់សាធារណរដ្ឋកូរ៉េ ចំនួន៤គឺ ១)គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងខេត្តបាត់ដំបង ២)គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ៣)គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់បវេល ស្ថិតក្នុងខេត្តបាត់ដំបង និង ៤)គម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តភាគខាងកើតទន្លេមេគង្គ ស្ថិតក្នុងខេត្តស្វាយរៀង៕


